សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់


ត្រលប់ក្រោយ

22/03/23 13:07 PM

ចំនួនទស្សនា៖

260

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។


សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា នាថ្ងៃនេះ។ សម្តេចតេជោបានចាត់ទុកថា នេះធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញ នៃគ្រឹះស្ថានការងារតាមស្ថាប័ននានា។ សម្តេចតេជោបានមានប្រសាសន៍ថា និស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី។


សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៅដល់និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត តាមរយៈ ការបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយមិនត្រូវធ្វេសប្រហែសឡើយ។


សម្ដេចតេជោបន្តថា ការសម្រេចចិត្តរបស់សម្ដេចគឺពិតជាត្រឹមត្រូវ ដែលបានបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងវិស័យអប់រំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្ដមសិក្សា ដើម្បីអាចឱ្យសិស្ស និស្សិតអាចជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សាក្នុងការសិក្សារបស់ពួកគេ។


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថានៅពេលខាងមុខនេះ នឹងមានគ្រឹះស្ថានឧត្ដមសិក្សាបរទេសមួយចំនួនទៀត នឹងមកបើកដំណើការនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឲ្យកូនខ្មែរយើងបានសិក្សានៅក្នុងប្រទេសដោយមិនចាំបាច់ទៅសិក្សានៅបរទេសដែលមានការចំណាយច្រើននោះ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ គឺត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ស្របពេលដែលសម័យនេះ គឺជាសម័យកាលប្រកួតប្រជែង មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ។


នៅថ្ងនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីព្រះរាជពិធីដែលព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងប្រោសព្រះរាជប្រទានព្រះអគ្គិកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មួយដ៏ធំ និងទទួលជោគជ័យយ៉ាងធំធេង។សម្ដេចតេជោបានបញ្ជាក់ថា នៅពេលនេះ ព្រះអង្គកំពុងគង់នៅព្រះរាជដំណាក់ធំនៅខេត្តសៀមរាប។ សម្តេចបញ្ជាក់ថា ព្រះរាជដំណាក់ដែលឆេះ គឺជាព្រះរាជដំណាក់តូច ដែលហ្លួងសម្តេចម៉ែធ្លាប់គង់នៅ មិនមែនព្រះរាជដំណាក់ធំនោះទេ។


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការចាប់ខ្លួនបុគ្គលពីររូបដោយសមត្ថកិច្ច ដែលបានប្រមាថព្រះចេស្តារព្រះករុណា ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គគង់នៅ និងជាព្រះរាជវត្តមានដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាសកម្មភាពប្រមាថមួយមិនអាចអត់ឱន និងលើកលែងបានឡើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទូរទស្សន៍ទាំងអស់ចាក់ឡើងវិញទាំងអស់នូវកម្មវិធី ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ហើយឲ្យពិនិត្យឡើងវិញថាតើមានចំណុចសកម្មភាពណាដែលចាត់ទុកថាជាការប្រមាថព្រះចេស្ដាព្រះអង្គនោះ។


សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកវិភាគមួយចំនួនពាក់ព័ន្ធការឡើងផ្កាយ៤ របស់ឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចប្រកាសថា សម្តេចមិនហៅអស់លោកអ្នកវិភាគទាំងនោះជា«អាល្ងង់ទូទេ» សម្តេចសូមហៅថា «ជាបណ្ឌិតខ្វះការយល់ដឹង»ពាក់ព័ន្ធនឹងឋានន្តរស័ក្តិរបស់កងទ័ព។សម្តេចតេជោបានបន្តថា ពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចេញពីមេបញ្ជាការកងទ័ពជើងគោក មកធ្វើនយបាយ អ្នកដែលត្រូវមកជំនួស គឺមេបញ្ជាការរងកងទ័ពជើងគោកបច្ចុប្បន្ន គឺឯកឧត្តម ម៉ៅ សុផាន់ (មេកងពល ង៧០)មិនមែនជា ឯកឧត្តម ហ៊ុន ម៉ានិត នោះទេ។


មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៃថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យទាំងការងារ និងការសិក្សានាពេលបន្តបន្ទាប់ទៀត៕



dd
Bottom Ad