រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣


ត្រលប់ក្រោយ

27/03/23 16:00 PM

ចំនួនទស្សនា៖

262

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប៉ៃលិន ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសាលប្រជុំប្រជុំធំ សាលាខេត្តប៉ៃលិន ។


មានប្រសាសន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន: ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ។


លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាន គឺបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការចូលរួមអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តធ្វើកំណែទម្រង់លើវិស័យជាច្រើន ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែងនៅមូលដ្ឋាន ដោយឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋភិបាល ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញ ដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងការផ្ទេរមុខងារ និងធនធានតាមរយៈការធ្វើប្រតិភូកម្មអំណាច ការប្រគល់ មុខងារមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបទល្មើសនានាអោយខានតែបាន ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ និងផុលផុស ហើយត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយកាន់តែប្រសើរឡើង និងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។



dd
Bottom Ad