ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពតាមផ្លូវទឹក និងជំនាញបើកបរនាវា ថ្នាក់លេខ៣ ជូនដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកបរទូកចម្លង ក្នុងខេត្តកណ្តាល


ត្រលប់ក្រោយ

28/03/23 10:15 AM

ចំនួនទស្សនា៖

235

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងឯកឧត្តម ម៉ក់ សុីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពតាមផ្លូវទឹក និងជំនាញបើកបរនាវា ថ្នាក់លេខ៣ ជូនដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកបរទូកចម្លង ក្នុងខេត្តកណ្តាល នៅសាលប្រជុំមន្ទីរសាធារណការខេត្តកណ្តាល។


ឯកឧត្តម ម៉ក់ សុីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានទទួលស្គាល់ទូទាំងសកលលោក ថាជាផ្នែកមួយនៃការដឹកជញ្ជូនដែលមានការចំណាយតិច ផ្ដល់ប្រសិទ្ធភាពខ្ពស់ និងមានផលប៉ះពាល់តិចដល់បរិស្ថាន បើប្រៀបធៀបជាមួយការដឹកជញ្ជូនប្រភេទផ្សេងទៀត។


ឯកឧត្តម បានបន្តទៀតថា នៅកម្ពុជាបច្ចុប្បន្នកំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលក៏បានចាត់ទុកវិស័យដឹកជញ្ជូនតាមផ្លូវទឹកជាវិស័យអទិភាពមួយក្នុងចំណោមវិស័យដទៃទៀត ភាពរីកចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក អាចបន្តទៅបានដរាបណាអ្នកប្រើប្រាស់មានទំនុកចិត្តទាំងលើប្រសិទ្ធភាព រួមផ្សំនិងសុវត្ថិភាពក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនផងដែរ។


ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអោយដឹងថា ការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ចាំបាច់តម្រូវឱ្យមានច្បាប់ និងនីតិវិធីជាច្រើនដើម្បីគ្រប់គ្រង នឹងអាចធានាដល់ការចរាចរ និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ឱ្យមានប្រសិទ្ធភាព ជាពិសេសធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរ និងទំនិញគ្រប់ប្រភេទ អាចធ្វើចរាចរណ៍បានដោយរលូន ។


ឯកឧត្តម ក៏បានស្នើដល់សិក្ខាកាម និងម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកបរទូកចម្លងទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួម ត្រងត្រាប់ស្ដាប់ និងកាត់ត្រា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះដឹង សមត្ថភាព ជំនាញ ក្នុងការអនុវត្តជាក់ស្ដែង រួមជាមួយនឹងបទពិសោធន៍ល្អៗ ដែលវាគ្មិនទាំងអស់ នឹងធ្វើការណែនាំ បណ្ដុះបណ្ដាល បង្ហាត់បង្រៀន និងចែករំលែកជូន ។



dd
Bottom Ad