រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣


ត្រលប់ក្រោយ

28/03/23 16:55 PM

ចំនួនទស្សនា៖

276

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខា ធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣របស់រដ្ឋបាលខេត្តប៉ៃលិន នៅសាលប្រជុំធំសាលាខេត្ត។


លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានរាយការណ៍ពីសកម្មភាពសន្និបាត២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣​ របស់រដ្ឋបាលខេត្ត ដោយធ្វើការបែងចែកក្រុមពិភាក្សាផ្ដល់ធាតុចូលលើរបាយការណ៍ និងទិសដៅការងារលើប្រធានបទសំខាន់ៗសំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តឆ្នាំខាងមុខ ព្រមទាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តថវិការបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ការផ្ដល់សេវាសាធារណៈ យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាដេីម។


លោកជំទាវអភិបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានប្ដេជ្ញារួមគ្នាពុះពារយ៉ាងប្ដូរផ្ដាច់ ដើម្បីរក្សាការពារសន្តិភាព ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យភាព រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។


ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍កោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយរស្មារតី ទទួលខុសត្រូវខ្ពស់ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការខិតខំចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវី-១៩ ការដោះស្រាយសំណើសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន។


នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនក្នុងនោះ រដ្ឋបាលក្រុងស្រុក ត្រូវពង្រឹង ភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការអនុវត្តន៍មុខងារ និងធនធាននានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ប្រសើរស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ។ ក្នុងនោះឯកឧត្តមបានផ្ដល់នូវគោលការណ៍ណែនាំជាគន្លឹះ ចំនួន០៩ចំណុច សម្រាប់អនុវត្តបន្ត៖ ទី១-ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, ទី២-ការអនុវត្តកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ, ទី៣-ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី, ទី៤-ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ទី៥-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ទី៦-ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម, ទី៧-ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន, ទី៨-ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩, និងទី៩-ការពង្រឹងរបៀបរបបកាងារឱ្យបានច្បាស់លាស់។


សូមបញ្ជាក់ថា៖ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២​ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៣​ របស់រដ្ឋបាលខេត្តប៉ៃលិន គណៈអធិបតីយក៍បានបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសសើរជូនដល់មន្រ្តីរាជការសាលាខេត្ត និងផ្តល់ជូនប័ណ្ណជ័យលាភីក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់រដ្ឋបាលប៉ុស្តិ៍ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ផងដែរ៕



dd
Bottom Ad