29/03/23 09:12 AM
(ស្វាយរៀង): នាព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីសិក្ខា ស្តីពីការឆ្លើយតបសេចក្តីសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តស្វាយរៀង ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងលោក-លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា: ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពនិងប្រជាប្រិយភាព ហើយយើងជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ នៃការដឹកនាំ យល់អំពីច្បាប់ឱ្យ បានឲ្យបានច្បាស់លាស់ ហើយកិច្ចការងារទាំងអស់នេះ ទាមទារឲ្យយើងខិតខំរៀនសូត្រ បន្ថែមទៀត។
សូមបញ្ជាក់ថា: សិក្ខាសាលាផ្សព្វផ្សាយ អំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថា្នក់ក្រោមជាតិ រៀបចំ ឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការសម្របសម្រួល ពីអាជ្ញាធរខេត្តស្វាយរៀង ។ ប្រធានបទនៃសិក្ខាសាលានេះដំណើរទៅចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយបានលើកឡើងអំពីសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្រេច បានកន្លងមក ក្នុងការ អនុវត្តគោលនយោបាយ សមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារ សិទ្ធិជាមូលដ្ឋានរបស់នារី និង កសាងផែនការសកម្មភាពបន្តអនុវត្ត ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ បានផ្តល់កាមេរ៉ាវីដេអូ រួមទាំងសំភារៈមួយចំនួន ដល់មន្ទីរព័ត៌មានចំនួន៥ខេត្ត ដើម្បីបម្រើការផ្សាយ រួមមានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ដោយក្នុងមួយមន្ទីរទទួលបាន camera Video កម្រិត4K ចំនួន ១គ្រឿង រួមជាមួយជើងកាមេរ៉ា ១ កាបូបដាក់ ម៉ាស៊ីនកាមេរ៉ា ១ Memory ចំនួន២ គឺដើម្បីជួយសម្រួលដល់មន្ទីរព័ត៌មាន ជាពិសេសមន្ត្រីជំនាញរបស់មន្ទីរនីមួយៗ ក្នុងការចុះយកព័ត៌មានរូបភាព ដើម្បីធ្វើការផ្សព្វផ្សាយផងដែរ៕ ដោយ:PK