29/03/23 10:02 AM
ស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ៧កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពនៅខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមទី៥(ខេត្តស្វាយរៀង)នៃក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានលើកឡើងថា ស្របនឹងស្ថានភាព នៃសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រទេសជាតិយើងមាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាន ។ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលយើងអាចនិយាយបានថា “មិនមានការអភិវឌ្ឍណាមួយអាចកើតឡើង ដោយគ្មានស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនោះទេ”។
ឯកឧត្តមបន្ថែមថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមសម្ដែងនូវការអរគុណ និងកោតសរសើរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានយកចិត្តទុកដាក់ចូលរួមសហការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ឃើញថា ទទួលបានលទ្ធផលខ្ពស់គួរឲ្យកត់សម្គាល់ ដែលឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១ មានចន្លោះពី៧៦ ទៅ ៧៨ឃុំ សង្កាត់ នៃឃុំ សង្កាត់ទាំង៨០ ហើយមិនមានឃុំ សង្កាត់ណាមួយដែលមិនទទួលបានចំណាត់ថ្នាក់នោះទេ ។
ឯកឧត្តម រស់ វរុណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តដែលឲបានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ។