05/04/23 17:30 PM
ភ្នំពេញ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៣ និង លើកទិសដៅ ការងាររបស់អគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ ក្រសួងមហាផ្ទៃ បានរៀបចំឡើងកាលពីព្រឹក ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី0៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំ នាយកដ្ឋានភស្ដុភារនិងសម្ភារ:បច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានស្ថានីយ ព្រមទាំងអស់លោក លោកស្រី ជានាយការិយាល័យ ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោក ឧត្ដមសេនីយ៍ទោ សាង សុធន អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានអញ្ជើញឡើងអានសេចក្ដីព្រាងរបាយការណ៍ ការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ។
នៅត្រីមាសទី១ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរលើការងាររួមមាន៖ ការងារអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការងារគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ, ការងារគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ, ការងារភស្ដុភារ និងសម្ភារៈបច្ចេកទេស, ការងារផ្សព្វផ្សាយអប់រំ, ការងារវិទ្យុ និងទូរទស្សន៍មហាផ្ទៃ, ការងារសុខាភិបាល , ការងារស្ថាបនា និងវិស្វកម្ម, ការងារស្រាវជ្រាវឧបករណ៍ និងសម្ភារៈបច្ចេកទេស និងការងាររដ្ឋបាលសរុប។
ក្នុងរបាយការណ៍ ក៍បានដាក់ចេញនូវទិសដៅបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ រួមមាន៖
-ការរៀបចំផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤គណនេយ្យសមិទ្ធកម្ម ។
-រៀបចំផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល (២០២៤-២០២៦) និងគម្រោងចំណូលចំណាយថវិកាឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ។
-បើកផ្ដល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មីជូនថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារ និងរបបផ្គត់ផ្គង់ជីវភាពជនជាប់ឃុំតាមគោលការណ៍កំណត់។
-ត្រៀមបង្វែរប្រាក់រំលឹកឋានន្តរស័ក្តិ និងប្រាក់មុខងារចាប់ពីឆ្នាំ២០២៣ ដើម្បីអនុវត្តនីតិវិធីទាន់ពេលវេលា ។
-ជំរុញ និងពន្លឿនការស្នើសុំធានាចំណាយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកិច្ចលទ្ធកម្មទាន់ពេលវេលាកំណត់។
-ជំរុញនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតារាងប្រៀបធៀបកើនឡើងថយចុះប្រចាំឆ្នាំ។
-ត្រៀមរៀបចំរបាយការណ៍សមិទ្ធកម្មឆមាសទី១ និងរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មឆមាសទី១ ឆ្នាំ ២០២៣ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ។
-ផ្គត់ផ្គង់ប្រេងឥន្ធនៈបេសកកម្ម អង្ករគោលដៅត្រីមាសទី២ ឆ្នាំ២០២៣ ជូននាយកដ្ឋាន-អង្គភាពស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលខណ្ឌក្រុងស្រុក និងប៉ុស្ដិ៍នគរបាលរដ្ឋបាល។
-ចេញផ្សាយទស្សនាវដ្ដីក្រសួងមហាផ្ទៃ លេខ ២៦១-២៦៤ ទស្សនាវដ្ដីមិត្តនគរបាល លេខ១១០ និងលេខ១១១។
-រៀបចំតុបតែងភ្លើងពណ៌ បដា ពាក្យស្លោក នៅខាងមុខទីស្ដីការក្រសួង ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
-បន្តសហការជាមួយនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះយកព័ត៌មាន ទទួលព័ត៌មាន ដើម្បីផ្សាយនាទីសន្តិសុខមាតុភូមិ និងបណ្ដាញទំនាក់ទំនងសង្គម។
-បន្តសហការជាមួយនាយកដ្ឋាន អង្គភាពជំនាញ ដើម្បីផ្សាយនាទីសន្តិសុខមាតុភូមិ ជាពិសេសកម្មវិធីផ្សាយព័ត៌មានតាមស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ និងបណ្ដាញសង្គម។
-បន្តសាងសង់ អគារថ្មីទីស្ដីការរបស់ក្រសួងមហាផ្ទៃ និងបន្តសាងសង់ជួយជុលសំណង់អគារនានា ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។
-បន្តសិក្សាស្រាវជ្រាវបទដ្ឋានបច្ចេកទេស នូវឧបករណ៍សម្ភារៈបរិក្ខាទំនើបៗ ដើម្បីបម្រើដល់កិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរដល់មន្ត្រីរាជការក្រោមឱវាទ ដែលបានអនុវត្តការងារដោយជោគជ័យ ឆ្លើយតបតម្រូវការនានារបស់អគ្គនាយកដ្ឋាន។ ឯកឧត្តម នាយឧត្ដមសេនីយ៍ ក៏បានរលឹកផងដែរលើការងារចំពោះមុខ ដែលត្រូវអនុវត្តតាមរបៀបរបបការងារស្តង់ដាមួយដើម្បីឲ្យមានប្រសិទ្ធិភាពការងារខ្ពស់ថែមទៀត ដើម្បីឈានទៅអនុវត្តតាមគោលការណ៍ដឹកនាំរបស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយត្រូវខិតខំអនុវត្តការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់ភស្តុភារ ហិរញ្ញវត្ថុ ជូនដល់អង្គភាពនានាចំណុះក្រសួងមហាផ្ទៃឲ្យបានទាន់ពេលវេលា ឆ្លើយតបតាមសំណូមពរនៃកិច្ចប្រតិបត្តិការគ្រប់គ្រងរដ្ឋបាលដែនដី ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ព្រោះអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងថវិកានៃប្រេងឥន្ធនៈ ស្បៀងអាហារ សម្ភារៈបរិក្ខារ ការបម្រើសេវាសុខាភិបាល សំណង់និងវិស្វកម្ម ការងារអប់រំផ្សព្វផ្សាយព័ត៌មាន និងការស្រាវជ្រាវឧបករណ៍សម្ភារៈបច្ចេកទេស បម្រើឲ្យសន្តិសុខជាតិ ដើម្បីផ្គត់ផ្គង់គាំទ្រអនុវត្តកិច្ចប្រតិបត្តិការ របស់គ្រប់អង្គភាពជំនាញនានាចំណុះក្រសួង ស្របតាមគោលបំណង និងគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ។
នាឱកាសនោះដែរ ក៏មានពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង សរុបចំនួន៦រូប ក្នុងនោះមាន ថ្នាក់អនុប្រធាននាយកដ្ឋានចំនួន៣រូប ថ្នាក់នាយរងការិយាល័យចំនួន ៤រូប និងបំពាក់ឋានន្តរស័ក្តិសរុបចំនួន ១៩រូបមានថ្នាក់ឧត្តមសេនីយ៍ត្រី ១រូប ថ្នាក់វរសេនីយ៍ឯក ១រូប ថ្នាក់វរសេនីយ៍ទោ ១រូប និងថ្នាក់វរសេនីយ៍ត្រីចំនួន ១៥រូបផងដែរ ៕