20/04/23 12:16 PM
ព័ត៌មានជាសំឡេង
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន បានដឹកនាំប្រជុំជាមួយ ឯកឧត្តម អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី (UENO ATSUSHI) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីប្រជុំ និងពិភាក្សាលើកិច្ចប្រតិបត្តិការទ្វេភាគី និងការស្វែងយល់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ខាងមុខ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន និងលោក លោកស្រី ជាមន្ត្រីជំនួយការគណៈកម្មការ។
ឯកឧត្តម អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី បានមានប្រសាសន៍ថា ឯកឧត្តមបានជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅហើយ ឯកឧត្តមបានកោតសរសើរចំពោះពលិកម្ម និងការចូលរួមរំដោះ និងកសាងប្រទេសកម្ពុជារបស់សម្ដេចប្រធានរដ្ឋសភានាពេលកន្លងទៅ។ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន នាពេលថ្មីៗនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុន បានត្រៀមខ្លួនជួយដល់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។
ឯកឧត្តម ឈាង វុន បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុនផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីឯកឧត្តមនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង មន្ទីរ និងស្ថាប័ន ខេត្ត ក្រុងនានារបស់កម្ពុជា សំដៅពង្រឹងនិងពង្រីកកិច្ចសហការលើវិស័យនានាឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។
ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានចូលរួមកសាងសុខសន្តិភាពដល់ប្រទេសកម្ពុជា។
ឯកឧត្តម ឈាង វុន បានបានសំណូមពរឯកឧត្តមឯកអគ្គរាជទូតជប៉ុនសូមឱ្យរដ្ឋាភិបាលជប៉ុនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកព្រះរាជាណាចក្រកម្ពុជាដើម្បីចួលរួមសង្កេតការណ៍ការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ខាងមុខ ៕