21/04/23 08:47 AM
ព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល ស្ថិតនៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀចបានឱ្យដឹងថា វត្តមហាពោធិមង្គល បានកកើតឡើងនៅឆ្នាំ១៩២៤ លើដីទួលមួយកន្លែងចំងាយប្រមាណ១០០ម៉ែត្រ ពីទីតាំងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះតេជគុណព្រះនាម ខៀវ និងបន្តរហូតដល់ជំនាន់ព្រះគ្រូចៅអធិការទី២ ព្រះនាម ញឹក តន់ ក៏បានឯកភាពជាមួយប្រជាពុទ្ធបរិស័ទរុះរើវត្តមកកន្លែងសព្វថ្ងៃបន្ទាប់ពីវត្តចាស់ត្រូវរងការបំផ្លាញដោយសារខ្យល់ព្យុះ។
លោកអភិបាលបន្តថា ក្រោយការបំផ្លាញក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៨០ ព្រះតេជគុណព្រះនាម ឃឹម អឹម បានដឹកនាំពុទ្ធបរិស័ទកសាងទីអារាមនេះឡើងវិញ និងបានឆ្លងកាត់ព្រះចៅអធិការវត្តជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៨ ដោយឧបដ្ឋានសាលាចាស់មានសភាពទ្រុធទ្រោម និងជួបការលំបាកនារដូវវស្សា វត្តបានសម្រេចកសាងឧបដ្ឋានសាលាថ្មីមានបណ្ដោយ ២៩ម៉ែត្រ ទទឹង ១៨ម៉ែត្រ ហើយបានសាងសង់ហើយរួចរាល់នៅដើមឆ្នាំ២០២៣នេះ។
លោកបន្ថែមថា ឧបដ្ឋានសាលានេះសាងសង់អស់ថវិកាជាង ២៨ម៉ឺនដុល្លារអាមេរិក ជាថវិកាបានមកពីការគាំទ្ររបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រះចៅអធិការវត្ត ឧត្តមសេនីយ៍ ង៉ែង ជួ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិកញ្ជ្រៀច និងភរិយា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជននានា។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ ក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និង បញ្ញាស្មារតី ចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ធ្វើឱ្យពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសអធិកអធម សាមគ្គីភាព និងសប្បាយរីករាយ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកកញ្ជ្រៀច។
សម្ដេចឧបនាយករដ្ឋមន្តី្រ បានគូសបញ្ជាក់ថា កម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍបើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ។ សម្ដេចបន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនដល់ប្រជាជន និងសង្គមជាតិទាំងមូល ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទទួលបានជោគជ័យជាមួយលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈ កម្ពុជាជាប្រធានអាស៊ានប្តូរវេន ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានដំណើការទៅដោយ សេរី យុត្តិធម៌ និងតម្លាភាព ក៏ទទួលបានជោគជ័យគួរជាទីមោទនៈ។
ពីវេទិកាអធិបតីនាឱកាសនោះដែរ សម្ដេចក្រឡាហោម បានរម្លឹកថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាព ជំនឿ និងសាសនាទាំងអស់ត្រូវលុបបំបាត់ចោលទាំងស្រុង ប៉ុន្តែទើបតែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេល៤៤ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា ត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះ មានភាពរីកចម្រើន លើគ្រប់វិស័យ គួរអោយកត់សម្គាល់។
សម្ដេចបានបន្តថា សម្រាប់វិស័យសាសនា រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់អោយក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយក សាសនាទៅធ្វើអាជីវកម្ម។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមបានណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និង ការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
ជាមួយគ្នានោះដែរ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តសិទ្ធិក្នុងឋានៈជាពលរដ្ឋ និងជាម្ចាស់នៃជោគវាសនាប្រទេសជាតិ៕