21/04/23 09:43 AM
ព័ត៌មានជាសំឡេង
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងអគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាននានា និងអនុប្រធាន សមាជិក នៃក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ព្រមទាំង ប្រធាន អនុប្រធាន សមាជិក នៃក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា តាមការស្រាវជ្រាវពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះរបស់ក្រសួងមហាផ្ទៃ នាពេលកន្លងមក ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់នៅតាមបណ្តាអគ្គនាយកដ្ឋាននានាក្នុងពេលបច្ចុប្បន្នមានប្រព័ន្ធជាច្រើនដែលនឹងត្រូវប្តូរមកកាន់ទីស្តីការថ្មីរបស់ក្រសួង។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារ បានបន្ដថា ជាក់ស្តែងចំពោះមុខ ក្រសួងមហាផ្ទៃ ត្រូវបំពាក់ និងរៀបចំប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នៅក្នុងអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃឡើងវិញឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យស្របទៅនឹងតម្រូវការប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន ក៏ដូចជាអង្គភាពនានាដែលត្រូវផ្លាស់ប្តូរចូលមកក្នុងអគារទីស្តីការថ្មីនាពេលដ៏ខ្លីខាងមុខ ដើម្បីគ្រប់គ្រង ឬរក្សាទុកឯកសារ ព្រមទាំងទិន្ន័យនានាផងដែរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងប្រធានក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន ជូន ឯកឧត្តម ប្រធាន និងអង្គប្រជុំ ទាំងមូលជ្រាបថា ផ្អែកតាមការធ្វើសម្រង់ស្ថិតិបច្ចុប្បន្នភាព និងកិច្ចប្រជុំជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ជាក់ស្តែងមានប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រតិបត្តិការមានច្រើន និងមានលក្ខណៈស្មុគស្មាញច្រើន។ ក្នុងនោះក្រុមការងារលេខាធិការដ្ឋាន ក៏បានប្រជុំពិភាក្សា និងទំនាក់ទំនងបន្ថែមជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពាក់ព័ន្ធបានឱ្យឃើញថា ប្រព័ន្ធទាំងអស់នេះអាចធ្វើការរុះរើចូលអគារទីស្ដីការក្រសួងថ្មីបាន ក្នុងករណីអគ្គនាយកដ្ឋាននីមួយៗមានតម្រូវការ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា តាមគោលការណ៍ណែនាំរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថលក្រសួងមហាផ្ទៃ ក្រុមការងារលេខាធិការដ្ឋាន បានជួបប្រជុំជាមួយតំណាងក្រុមសាងសង់អគារទីស្តីការថ្មីរបស់ក្រសួង និងតំណាងអង្គភាពពាក់ព័ន្ធជាច្រើនលើក ហើយបានធ្វើការបណ្តុះបណ្តាលមន្ត្រីបង្គោលសម្រាប់ត្រៀមការការរុះរើ និងរៀបចំបំពាក់ប្រព័ន្ធនានាតាមតម្រូវការជាក់ស្តែងផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗខាងលើ នៅក្នុងអគារទីស្តីការថ្មីនេះ ក្រុមការងារបច្ចេកទេសបានគិតគូរគ្រប់ជ្រុងជ្រោយអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ការរៀបចំយន្តការការងារ (SOP) ការបំពាក់បច្ចេកវិទ្យាសម្រាប់គាំទ្រប្រព័ន្ធទាំងអស់ និងការការពារហានិភ័យ ព្រមទាំងការការពារសុវត្ថិភាពនៃការប្រើប្រាស់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បានសម្តែងការកោតសរសើចំពោះក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន ដែលបានខិតខំអនុវត្តតួនាទីប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរអោយកត់សំគាល់ និងសម្តែងការរីករាយចំពោះប្រព័ន្ធរបស់អង្គភាពពាក់ព័ន្ធមួយចំនួនដែលអាចធ្វើការរុះរើចូលអគារទីស្ដីការថ្មីបានភ្លាមៗផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន ត្រូវរៀបចំប្រព័ន្ធទាំងអស់ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងរបៀបរៀបរយ ជៀសវាងកើតមានហានីភ័យណាមួយជាយថាហេតុណាមួយកើតឡើង៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា