24/04/23 11:48 AM
ខេត្តកណ្ដាល ៖ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាកសាងព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិមង្គល ស្ថិតនៅក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបានបង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដោយកើតឡើងពីមូលដ្ឋានគ្រឹះដ៍សំខាន់នោះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់បាន ប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហា សេនាបតី ហ៊ុន សែន។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ព្រះវិហារគឺមានសារៈសំខាន់ណាស់ គឺធ្វើឡើងដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់ធ្វើសង្ឃកម្មផ្សេងៗដូចជា ការបបួសកុលបុត្រ ជាភិក្ខុ សាមណេរ បវរណាកម្ម ការបវរណាក្នុងពិធីចូល និងចេញព្រះវស្សារបស់ព្រះសង្ឃ ធ្វើកិច្ចវត្តព្រឹកល្ងាច ដើម្បីឧទ្ទិសមគ្គផលដល់ម្ចាស់ទានដែលជ្រះថ្លា និងដល់មាតាបិតា ជីដូន ជីតា ញាតិការទាំង៧ សណ្តានដែលបានស្លាប់បាត់បង់ជីវិតកន្លងមកឲ្យរួចចាក់ផុតទុក្ខ និងយោនយកកំណើតក្នុងសុគតិភព។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថាបន្ថែមថា លើសពីនេះ ព្រះវិហារក៏ជាទីសម្រាប់តម្កល់ព្រះពុទ្ធរូបស្នងព្រះអង្គ ព្រមទាំងអមដោយរូបគំនូរ ពុទ្ធប្រវត្តិទុកជាសរណដ្ឋាន សម្រាប់ពុទ្ធបរិស័ទគោរពបូជា។ ជាទានក្នុងព្រះពុទ្ធសាសនា បានផល្លានិសង្ឃច្រើនអានេក ព្រោះធ្វើឲ្យព្រះពុទ្ធសាសនារុងរឿងអស់កាលជាអង្វែង និងទុកសម្រាប់ពុទ្ធបរិស័ទបំពេញកុសលផ្សេងៗ។ ម្យ៉ាងវិញទៀត អ្នកបានកសាងព្រះវិហារ និងសមិទ្ធផលផ្សេងៗក្នុង វត្តរមែងបានបុណ្យទាំងយប់ទាំងថ្ងៃ អនាគតជាតិកើតក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម មានពណ៌សម្បុរកាយផូរផង មានចក្ខុភ្លឺថ្លា មានកម្លាំងមាំមួន ប្រាជ្ញាឈ្លាវៃផងដែរ។
លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានជម្រាបពីប្រវត្តិវត្តពោធិមង្គលថា កាលពីដើមឡើយ ទីតាំងវត្តនេះជាទីកន្លែងសុទ្ធតែព្រៃស្មសានស្ងាត់ជ្រងំ មិនមានបងប្អូន ប្រជាពលរដ្ឋដើរកាត់នោះឡើយ។ រហូតនៅក្នុងឆ្នាំ១៩៧៥ មានលោកតា ឧបាសក និង ហ៊ី នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានកាប់ឆ្ការទីនោះសង់កូនខ្ទមមួយសម្រាប់ធ្វើវិបស្សនាកម្មដ្ឋានដើម្បីអប់រំចិត្ត និងដើម្បីដាំដើមឱសថបុរាណខ្មែរទុកប្រើប្រាស់ព្យាបាលជំងឺផ្សេងៗ។ លុះដល់ ឆ្នាំ១៩៧៩ គាត់ក៏បានដាំដើមពោធិ៍មួយដើម ក្រោយមកកន្លែងនោះក៏ក្លាយជារមនីយដ្ឋានមួយ មានភាពត្រជាក់ត្រជំ ហើយអ្នកស្រុក អ្នកភូមិ ក៏បានសាមគ្គីឯកភាពគ្នាជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំ ទីតាំងនោះធ្វើជាវត្ត ហើយបានដាក់ឈ្មោះវត្តនោះថា វត្តពោធិមង្គល ដោយមានដើមពោធិ៍ ជាភស្តុតាងស្រាប់ សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន។