24/04/23 13:05 PM
បន្ទាយមានជ័យ៖ វេលាម៉ោង០២និង៤៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣ កម្លាំងនគរបាលប៉ុស្តិស្ពានម៉ាឡៃ សហការជាមួយកម្លាំងយោធា វរសេនាតូចលេខ៥១៣ បានទប់ស្កាត់ប្រជាពលរដ្ឋប្រុស ស្រី សរុបចំនួន ៣៩នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ឲ្យកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ល្បាតត្រួតពិនិត្យរាល់បទល្មើសតាមព្រំដែន ។វេលាម៉ោង០២និង៤៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣ កម្លាំងនគរបាលប៉ុស្តិស្ពានម៉ាឡៃ ចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនានាយប៉ុសតិ៍ បានសហការជាមួយកម្លាំងយោធា វរសេនាតូចលេខ៥១៣ ចំនួន០២នាក់ បានទប់ស្កាត់ប្រជាពលរដ្ឋប្រុស ស្រី សរុបចំនួន ៣៩នាក់ ក្នុងនោះមានស្រី១៨នាក់ កុមារ០២នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ យកមកសួរនាំ ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ប្រជាពលរដ្ឋទាំង៣៤នាក់នោះ មកពី០៦ខេត្ត មាន៖ ១/-តាកែវ ០៤នាក់, ២/-កំពង់ធំ ១៧នាក់, ៣/-បាត់ដំបង ១១នាក់, ៤/-បន្ទាយមានជ័យ ០៥នាក់, ៥/-ពោធិ៍សាត់ ០១នាក់,/- ៦.ប៉ៃលិន ០១នាក់ ។ ប្រជាពលរដ្ឋទាំងនេះ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីមានវិធានាករអនុវត្តបន្ដ ៕ ណុប-រក្សា(២៩០១៦)