កាកបាទក្រហមបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម


ត្រលប់ក្រោយ

28/04/23 09:21 AM

ចំនួនទស្សនា៖

312

ប្រភព៖

ប៉ៃលិន

ព័ត៌មានជាសំឡេង

ប៉ៃលិន៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ ស្ដីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការទំនាក់ទំនង អប់រំផ្សព្វផ្សាយ ជូនដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន៦៣នាក់ ដែលអញ្ជើញមកពីភូមិចំនួន១៤ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ដោយមានការគាំទ្រថវិកា របស់សហគមអឺរ៉ុប តាមរយៈកាកបាទក្រហម ហ្វាំងឡង់ ជំនួយគម្រោង" លើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគម " ដែលបានអនុវត្តនៅក្នុងស្រុក សាលាក្រៅ និងក្រុងប៉ៃលិន រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ខាងមុខ។


ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានថ្លែងនូវអំណរគុណ ដល់ប្រទេសម្ចាស់ជំនួយ ដែលបានដាក់គម្រោងជំនួយមកខេត្តប៉ៃលិន ហើយដែលសាខាខេត្តបានជ្រើសរើសយកស្រុកសាលាក្រៅ និងក្រុងប៉ៃលិន សម្រាប់អនុវត្តន៍នូវគម្រោងនេះ ដោយផ្ដោតលើ ការងារត្រៀមបង្ការ និងឆ្លើយតបការឆ្លងរាលដាលនៃជំងឺ និងការរាតត្បាតជាសាកល ការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យក្នុងទំនាក់ទំនងផ្សព្វផ្សាយអប់រំ និងការពង្រឹងនូវភាពម្ចាស់ការរបស់សហគមន៍ ។


ឯកឧត្តមក៏បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងបញ្ជ្រាបផងដែរ នូវកម្មវិធីអាកាសធាតុវៃឆ្លាត ការពង្រឹងសមត្ថភាពសហគមន៍ កិច្ចសហប្រតិបត្តិការជាដៃគូ ប្រតិបត្តិការតាមប្រព័ន្ធឌីជីថល អំពីអនាម័យទឹកស្អាត ជំងឺឆ្លង ចរាចរណ៍ សុខភាពផ្លូវចិត្ត និងសង្គ្រោះបឋមសុខភាពផ្លូវចិត្តផងដែរ ។


ឯកឧត្តមក៏បានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសានេះ ឯកឧត្តមសំណូមពរ អ្នកស្ម័គ្រចិត្ត ចូលរួមសហការជាមួយមន្ត្រីគម្រោង ក្នុងការបំពេញការងារឲ្យបានជោគជ័យ ព្រមទាំងបានសំណូមពរឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ នៅក្នុងវគ្គសិក្សារយ:ពេល៣ថ្ងៃនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ៕



dd
Bottom Ad