អាជ្ញាធរខេត្តប៉ៃលិន កំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិត ទម្លាប់សាធារណៈ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់តាមផែនការកំណត់


ត្រលប់ក្រោយ

28/04/23 09:24 AM

ចំនួនទស្សនា៖

272

ប្រភព៖

ប៉ៃលិន

ព័ត៌មានជាសំឡេង

ប៉ៃលិន ៖ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នៅសាលាបឋមសិក្សាក្រចាប់ មានរៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ “នេះជាពេលគ្រុនចាញ់ត្រូវសូន្យតាមរយះការវិនិយោគ កែច្នៃ អនុវត្ត” ក្រោមអធិបតីភាព លោក ហែម ឬទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានចូលរួមពីបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ផងដែរ។


លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តបានថ្លែងថា ៖ទិវានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីវិធាននៃការរួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅការកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកលដើម្បីលើកកម្ពស់សុខមាលភាព និងផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនចាញ់ និងជួយទប់ស្កាត់លុបបំបាត់ជម្រកមូស និងបំផុសការយល់ដឹងកាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋទូទៅជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ និងប្រជាពលរដ្ឋដែលប្រកបរបបរកស៊ី និងធ្វើស្រែចំការក្នុងព្រៃ ។


លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ពិភពលោកដោយសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញនិងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិត ទម្លាប់សាធារណៈអោយកាន់តែបានទូលំទូលាយ និងមានប្រសិទ្ធិភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់តាមផែនការកំណត់។


លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលក៏ដូចជាមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងជីវភាពរស់នៅ ទាំងសុខភាពអនាម័យ ព្រមទាំងមានកិច្ចសហការល្អរវាងអាជ្ញាធរក្នុងមូលដ្ឋាន ។ ដូច្នេះមន្ត្រីបំរើការនៃវិស័យសុខាភិបាលទាំងអស់នៅតាមបណ្ដាមូលដ្ឋានត្រូវធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ទាំងកាយវិការ ទាំងពាក្យសំដី ត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈរបស់ខ្លួនអោយបានត្រឹមត្រូវ ដើម្បីអោយប្រជាពលរដ្ឋមានជំនឿទុកចិត្ត គោរពស្រឡាញ់ និងសូមអោយបន្ដកិច្ចសហការជាមួយអង្គការជាដៃគូរដើម្បីកាត់បន្ថយអត្រាជំងឺ និងអត្រាស្លាប់ដោយសារគ្រុនចាញ់នេះ មិនត្រឹមតែប៉ុណ្ណោះត្រូវរួមគ្នាក្នុងការលុបបំបាត់អោយអស់ជាស្ថាពរនៃជំងឺគ្រុនចាញ់ស្របតាមផែនការយុទ្ធសាស្ត្រជាតិលប់បំបាត់ជំងឺគ្រុនចាញ់អោយអស់ក្នុងឆ្នាំ២០២៥ តាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ ។


បើតាមរបាយការណ៏របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន៖ ទិន្នន័យជំងឺគ្រុនចាញ់ប៉ុន្មានឆ្នាំចុងក្រោយនេះមានការថយចុះគួអោយកត់សំគាល់ជាខ្លាំង។ គិតចាប់ពីឆ្នាំ២០២១ ករណីគ្រុនចាញ់មាន ៣ករណី ប្រភេទហ្វាល់ស៊ីប៉ារ៉ូមសូន្យ ហើយឆ្នាំ ២០២២ មានតែ១ ករណីប៉ុណ្ណោះ។ ហើយសម្រាប់ខេត្តប៉ៃលិនយើងគិតចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុបន្បន្នគ្មានករណីអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ៕



dd
Bottom Ad