ក្រសួងការងារ ផ្ដល់ការបណ្តុះបណ្តាលដល់គណកម្មការខេត្តបន្ទាយមានជ័យសម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥


ត្រលប់ក្រោយ

28/04/23 10:05 AM

ចំនួនទស្សនា៖

249

ប្រភព៖

បន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ តាមដាន និងត្រួតពិនិត្យការអនុវត្តគោលនយោបាយជាតិស្តីពីការងារ ២០១៥-២០២៥ បានបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់សមាជិកគណៈកម្មការខេត្តបន្ទាយមានជ័យ និងលេខាធិការដ្ឋានសម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ២០១៥-២០២៥ អំពីការអនុវត្តគោលនយោបាយនេះ។


ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួងបានលើកឡើងថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ ដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័ន្តឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។


រហូតមកដល់បច្ចុប្បន្ននេះ គោលនយោបាយនេះកំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ន និងអង្គភាពនានា ព្រោះថាសកម្មភាពទាំងឡាយនោះ ក៏ត្រូវបានកំណត់ផងដែរ នៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗនៃទិសដៅការងារ និងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋលេខាធិការសង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយ ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ២០១៥-២០២៥ នៅខេត្តបន្ទាយមានជ័យ នឹងកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត។


គួរបញ្ជាក់ថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាមបរិបទនិងស្ថានភាពនៃកម្ពុជា ដោយបានពិនិត្យ និងអនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញានៃអង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ១៩៦៤ លេខ១២២ ស្តីពីគោលនយោបាយមុខរបរ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងមានផលិតផលខ្ពស់ជូនពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធ៌ម។ គោលនយោបាយនេះត្រូវបានរៀបចំស៊ីសង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ឈានទៅឧស្សាហកម្មទំនើប ដែលផ្អែកលើជំនាញមានតម្លៃបន្ថែមខ្ពស់ លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារខ្ពស់៕



dd
Bottom Ad