02/05/23 13:23 PM
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២១ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការជាថ្នាក់ដឹកនាំ និងសមាជិក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងមន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាផ្អែកលើការសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. កាលពីខែធ្នូ ឆ្នាំ២០២២មក គ.ជ.អ.ប. បានបំពេញភារកិច្ចទទួលបានលទ្ធផលយ៉ាងច្រើន ក្នុងនោះរួមមានការអនុម័តឯកសារផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី១ ២០២១-២០២៥ នៃកម្មវិធីជាតិដំណាក់កាលទី២ ព្រមទាំងបានសម្រេច និងដាក់ឱ្យអនុវត្តផ្លូវការ នូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣របស់ គ.ជ.អ.ប.។
សម្ដេចបន្តថា គ.ជ.អ.ប. ក៏បានរៀបចំ និងដាក់សំណើរសុំគោលការណ៍អនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្ថែមសមាជិកចំនួន៤រូបបន្ថែមទៀត រួមមានឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សម្ដេចប្រធាន គ.ជ.អ.ប. ក៏បានគូសបញ្ជាក់អំពីការសម្របសម្រួលរៀបចំសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិដែលត្រូវបានដាក់បញ្ចូលក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីសប្ដាហ៍មុន និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ជលផល ដែលកំពុងពិនិត្យចុងក្រោយ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏កំពុងធ្វើការងារជាមួយ គ.ជ.អ.ប ដើម្បីរៀបចំសេចក្ដីព្រាងអនុក្រឹត្យផ្ទេរមុខងារមួយចំនួនទៅថ្នាក់ក្រោមជាតិ។
ទន្ទឹមគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការរៀបចំការណែនាំទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារដែលត្រូវបានផ្ទេរទៅឱ្យស្របតបតាមរចនាសម្ព័ន្ធថ្មី ស្របពេលដែលក្រសួងមុខងារសាធារណក៏បានចេញសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចរួចរាល់។
សម្ដេច បន្តថាក្នុងរយៈពេលកន្លងទៅនេះដែរ ក្រុមការងារអន្តរក្រសួងដោយបានការសម្របសម្រួលពី គ.ជ.អ.ប ក៏បានរៀបចំ សិក្សា វាយតម្លៃ លើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានរៀបចំជារបាយការណ៍ ស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃនេះ។ សម្ដេចសង្កត់ធ្ងន់ថារបាយការណ៍នេះ ក៏នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.ប នាឱកាសនេះដែរ។
ក្រៅពីនេះ ក៏មានការងារដ៏មានសារៈសំខាន់មួយទៀតដែរដែល គ.ជ.អ.ប. សម្រេចបាន គឺការព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ សម្ដេចបន្ថែមថាគោលការណ៍សំខាន់នៃការផ្ទេរមូលនិធិនេះ ក៏ត្រូវលើកយកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ។
សម្ដេចសង្ឃឹមជឿជាក់ថាកិច្ចប្រជុំនាថ្ងៃនេះ នឹងបន្តនាំមកនូវវឌ្ឍនភាពថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕