គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រជុំពិនិត្យ និងសម្រេចលើផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសន៍


ត្រលប់ក្រោយ

03/05/23 11:31 AM

ចំនួនទស្សនា៖

234

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសថ្នាក់ជាតិ ដើម្បីពិនិត្យ និងសម្រេចលើផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសន៍ ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ, លោកស្រី Lou Arriola នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក, លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្មអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការ, អគ្គលេខាធិការរង, ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ និងតំណាងក្រសួង, ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។


គួរបញ្ជាក់ថា កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។


នាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គ.ជ.ប.ជ កំពុងតែរៀបចំផែនការអនុវត្តថ្នាក់ជាតិ និងបានធ្វើការពិភាក្សាគ្នាឱ្យកាន់តែស៊ីជ្រៅ ទៅលើគោលបំណងជាអាទិភាពនីមួយៗ និងសកម្មភាពដែលត្រូវអនុវត្ត ជាពិសេសទៀតនោះ គ.ជ.ប.ជ នឹងត្រៀមឱ្យផែនការនេះសម្រេចបាន​ ដើម្បីដាក់ឱ្យអនុម័តយល់ព្រមពីក្រសួង-ស្ថាប័ន ដែលជាសមាជិករបស់ គ.ជ.ប.ជ។


ជាមួយគ្នានោះដែរ លោកជំទាវ រដ្ឋលេខាធិការ បានឱ្យដឹងថា តាមរយៈការអនុម័តទទួលអនុវត្ត GCM រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការបំពេញឱ្យបាននូវគោលបំណង ក្នុងកតិកាសញ្ញាពិភពលោកនេះ។ ក្រសួងពាក់ព័ន្ធទាំងអស់មានការប្តេជ្ញាចាត់វិធានការជាក់លាក់ ដើម្បីអនុវត្ត GCM និងបានព្រាងផែនការអនុវត្តថ្នាក់ជាតិនេះឡើង តាមរយៈកិច្ចសហការដើម្បីឆ្លុះបញ្ចាំងពីគោលការណ៍ណែនាំរបស់ GCM។


សូមជម្រាបជូនដែរថា កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍នេះ បានបង្កើតឡើងដោយផ្អែកលើគោលការណ៍ណែនាំចំនួន១០ ដែលជំរុញឱ្យមានការបង្កើតវិធីសាស្រ្តរួមមួយសម្រាប់ទេសន្តរប្រវេសន៍ ហើយទាមទារឱ្យមានការចូលរួមពីគ្រប់កម្រិតទាំងអស់របស់ស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សហជីព វិស័យឯកជន សង្គមស៊ីវិល និងអង្គការសហប្រជាជាតិ។ គោលការណ៍ណែនាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគោលបំណងទាំង ២៣របស់កតិកាសញ្ញា ដែលត្រូវបានលើកទឹកចិត្តឱ្យរដ្ឋហត្ថលេខីអនុវត្តកតិកាសញ្ញានេះ ឱ្យបានជាប់លាប់តាមរយៈការបង្កើតផែនការជាតិសម្រាប់ប្រទេសនីមួយៗ៕

ដោយ ៖ នាយដ្ឋានព័ត៌មានវិទ្យា



dd
Bottom Ad