05/05/23 13:46 PM
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការងាររៀបចំកម្មវិធីកត់ត្រាទិន្នន័យមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារការងារចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងអនុប្រធាន សមាជិក នៃក្រុមការងារការងារចំពោះកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងាររៀបចំការដំឡើងឋានន្តរស័ក្តិឱ្យបានត្រឹមត្រូវ សម្តេចក្រឡាហោម បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ដើម្បីឱ្យការអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ ក្រុមការងារចំពោះកិច្ច បានសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃលើការបញ្ចូលទិន្នន័យរបស់មន្ត្រីតាមកម្មវិធីឌីជីថល ដើម្បីធ្វើស្រង់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចចងក្រង រក្សាទិន្នន័យនេះទុកបានយូរអង្វែង។
សូមបញ្ជាក់ថា ក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃលើការបញ្ចូលទិន្នន័យរបស់មន្ត្រីតាមកម្មវិធីឌីជីថល នេះមានតួនាទី និងភារកិច្ចសហការជាមួយក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យវាយតម្លៃលើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ លើកិច្ចដំណើរការបំពេញសលាកប័ត្រព័ត៌មានមន្រ្តី តាមប្រព័ន្ធឌីជីថល ផ្សព្វផ្សាយ ណែនាំ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈវីដេអូ និងសៀវភៅណែនាំស្តីពីការបំពេញសលាកប័ត្រព័ត៌មានមន្ត្រី ក្នុងនោះដែរ ក្រុមការងារនេះដែរ មានតួនាទីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការបំពេញសលាកប័ត្រព័ត៌មានរបស់មន្ត្រីតាមប្រព័ន្ធឌីជីថលដល់មន្ត្រីក្រោមឱវាទ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់បំពេញសលាកប័ត្រព័ត៌មានរបស់មន្ត្រី និងរៀបចំរបាយការណ៍ អំពីចំណុចវិជ្ជមាន និងអវិជ្ជមានស្ដីពីការប្រើប្រាស់ និងការបំពេញព័ត៌មាន។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឺ សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញស្តីពីប្រព័ន្ធកម្មវិធីកត់ត្រាទិន្នន័យរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជូនឯកឧត្តមប្រធានអង្គប្រជុំ និងអ្នកចូលរួម ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបង្ហាញអំពីទម្រង់សលាកប័ត្រព័ត៌មានតាមកប្រព័ន្ធឌីជីថល, បញ្ជីឯកសារសម្រាប់បំពេញសលាកប័ត្រព័ត៌មាន, របៀបកត់ត្រាសលាកប័ត្រព័ត៌មានតាមប្រព័ន្ធឌីជីថល, របាយការណ៍, គុណសម្បត្តិ និងការអនុវត្តជាក់ស្តែងនូវប្រព័ន្ធឌីជីថល។
ជាមួយគ្នានោះដែរ ឯកឧត្តម ឡាំ ជា បានសម្តែងនូវការកោតសរសើរចំពោះ ប្រព័ន្ធឌីជីថលដែលបានបង្កើតឡើង សម្រាប់ប្រមូលព័ត៌មានរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។ ទន្ទឹមនោះដែរ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ចំពោះក្រុមការងារទាំងអស់ថា ការកត់ត្រាទិន្នន័យតាមប្រព័ន្ធឌីជីថលនេះនឹងអាចជួយសម្រួលការងារ តម្លើងឋានន្តរស័ក្តិ និងថ្នាក់ សម្រេចបានសមិទ្ធផលឆាប់រហ័ស ស្របតាមការណែនាំរបស់សម្តេចក្រឡាហោម។
ឯកឧត្តម ប្រធានក្រុមការងារចំពោះកិច្ច បានណែនាំដល់សមាជិកនៃក្រុមការងារបង្កើតប្រព័ន្ធឌីជីថល ត្រូវកែតម្រូវនូវចំណុចខ្វះចន្លោះមួយចំនួន ធ្វើយ៉ាងណាបង្កើនភាពងាយស្រួលជួយមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ អាចបំពេញទិន្នន័យបានត្រឹមត្រូវ និងច្បាស់លាស់ មិនមានភាពសាំញ៉ាំ ស្មុកស្មាញ ក្នុងការបំពេញព័ត៌មាន៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា