អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី


ត្រលប់ក្រោយ

10/05/23 12:21 PM

ចំនួនទស្សនា៖

347

ប្រភព៖

ក្រចេះ

ក្រចេះ៖ ព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ ។


ដោយមានការចូលរួមពីលោកអគ្គនាយកតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល លោកស្រីប្រធានក្រុមប្រឹក្សាភិបាលនៃផលិតកម្មក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី លោកប្រធានក្រុមហ៊ុនដូបលស្ដារ លោកប្រធានមន្ទីរ-អង្គភាព លោកស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកអភិបាលស្រុក ថ្នាក់ដឹកនាំបុគ្គលិក កម្មករនិយោជិតចិន និងកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ នៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលបាននិងកំពុងរួមចំណែកជាមួយរដ្ឋបាលស្រុកស្នួល រដ្ឋបាលខេត្តក្រចេះ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមបានកាន់តែល្អប្រសើរ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទងដៃគូរអភិវឌ្ឍមកធ្វើការវិនិយោគនៅក្នុងតំបន់ និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនាំឱ្យតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបន្តថា ជាក់ស្តែងថ្ងៃនេះបានរៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ដែលអ្នកវិយោគិនមកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវិនិយោគលើផ្ទៃដីចំនួន ៤០ហិកតា និងទំហំទឹកប្រាក់វិនិយោគចំនួនប្រមាណជាង១៣៨លានដុល្លារអាមេរិក គ្រោងនឹងសាងសង់ឱ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។


ឆ្លៀតយកឱកាសនេះ ឯកឧត្តម សូមសំណូមពរលោកប្រធានតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល បន្តកៀរគរដល់អ្នកវិនិយោគិននៃសាធារណរដ្ឋប្រជាមានិតចិន និងអ្នកវិនិយោគប្រទេសផ្សេងៗទៀត ចូលមកធ្វើការវិនិយោគ លើវិស័យកសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យដែលមានសក្ដានុពលផ្សេងៗទៀតនៅក្នុងខេត្តក្រចេះ។ សូមស្វាគមន៍ និងសហការដោយក្ដីរីករាយចំពោះគម្រោងវិនិយោគ របស់អ្នកវិនិយោគិនទាំងឡាយនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចមកពីបណ្ដាប្រទេសនានា ដែលមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការដៃគូរសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា។



dd
Bottom Ad