អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋដោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនី


ត្រលប់ក្រោយ

10/05/23 14:34 PM

ចំនួនទស្សនា៖

302

ប្រភព៖

ប៉ៃលិន

ព័ត៌មានជាសំឡេង

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកពីក្រុងប៉ៃលិន ដើម្បីដោះស្រាយចម្ងល់ និងសំនូមពររបស់ពួកគាត់ ចំពោះបញ្ហាបរិមាណការប្រើប្រាស់អគ្គីសនីមានការកើនឡើងខុសប្រក្រតី ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរអគ្គីសនីកម្ពុជា និងតំណាងក្រុមហ៊ុនអគ្គីសនីក្នុងនៅសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។


ប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា៖ ការប្រើប្រាស់អគ្គីសនីរបស់ពួកគាត់ នៅខែមេសានេះ មានលក្ខណៈមិនប្រក្រតី ដោយបរិមាណការប្រើប្រាស់អគ្គីសនីមានការកើនឡើងខ្លាំង ហើយផ្ទះខ្លះកើនឡើង ១០០% បើទោះបីជាការប្រើប្រាស់សម្ភារៈអគ្គីសនីរបស់ពួកគាត់ ស្ថិតនៅដដែល ក៏ដោយម្យ៉ាងវិញទៀតមួយរយៈចុងក្រោយនេះ ចរន្តអគ្គីសនីមានការដាច់ញឹកញាប់ ដែលធ្វើឲ្យសម្ភារៈប្រើប្រាស់អគ្គីសនីក្នុងផ្ទះ មានការខូចខាត់ជាច្រើន ។


តំណាងអាជ្ញាធរអគ្គីសនីកម្ពុជា បានលើកឡើងថា៖ បើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាលើការប្រើប្រាស់អគ្គីសនី ដូចជា បញ្ហាដាច់ភ្លើងញឹកញាប់ កុងទ័រភ្លើងដើរលឿន ភ្លើងឡើងគីឡូ មានភាពមិនប្រក្រតី សូមបងប្អូនមកដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមការងារអាជ្ញាធរអគ្គីសនីកម្ពុជា ចុះមកត្រួតពិនិត្យជាក់ស្តែង បានទាន់ពេលវេលា ដោយមិនយកសេវ៉ាទេ ហើយប្រសិនបើមានកុងទ័រខូច ឌីសង់ទ័រខូច ដោយធម្មជាតិ (រន្ទះបាញ់ ដើរលឿន ដើរយឺត ឬគាំង) រាល់ការដោះដូរកុងទ័រថ្មីនេះ គឺមិនតម្រូវឲ្យប្រជាពលរដ្ឋ បង់ប្រាក់នោះដែរ ។


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកវិស័យចំនួន ៣ ជាអាទិភាព គឺ ផ្លូវ ទឹក ភ្លើង ហើយចំពោះវិស័យថាមពលអគ្គិសនីនេះ គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន ដូច្នេះសេវាករផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរអគ្គីសនីកម្ពុជា ក្នុងការចុះត្រួតពិនិត្យមើលបញ្ហាគីឡូភ្លើងឡើងខុសប្រក្រតី តាមខ្នងផ្ទះប្រជាពលរដ្ឋអោយបានច្បាស់លាស់ ថាតើបញ្ហាគីឡូឡើងខ្លាំងយ៉ាងនេះ តើមកពីបញ្ហាអ្វីអោយពិតប្រាកដ? ព្រោះប្រជាពលរដ្ឋផ្ទុះការតវ៉ាយ៉ាងខ្លាំងគ្រប់ទីកន្លែង ដែលបញ្ហានេះរដ្ឋបាលខេត្ត ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីភាពកក់ក្តៅ និងមានជំនឿចិត្ត ពីសំណាក់បងប្អូនពុកម៉ែតាមមូលដ្ឋាន ។


លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលខេត្ត និងជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ចំពោះបញ្ហាគីឡូភ្លើងឡើងខ្លាំងនេះ លោកជំទាវមានការព្រួយបារម្ភណាស់ ព្រោះវាធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចនេះគ្រាន់តែទទួលបានព័ត៌មាននេះភ្លាម ជំទាវអភិបាលខេត្ត ក៍បានចាត់ឱ្យលោកអភិបាលរងខេត្តទទួលបន្ទុក សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនអគ្គីសនី ចុះជួបប្រជាពលរដ្ឋនៅ មូលដ្ឋាន ជាក់ស្តែង ដើម្បីរកដំណោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ដោយមិនអនុញ្ញាតិអោយមានការគេងចំណេញពីសំណាក់ឈ្មួញ នាយទុន មកលើប្រជាពលរដ្ឋនោះឡើយ ។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី និង សេវាករទាំងអស់ សូមមេត្តាពិនិត្យមើលនូវបុគ្គលិករបស់ខ្លួនឲ្យបានច្បាស់លាស់ ជាពិសេសអាជ្ញាធរក្រុង/ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ អំពីបញ្ហានេះ និងធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ អំពីតម្លៃសេវាករក្នុងការតបណ្តាញអគ្គីសនី នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ ជៀសវាងការយកតម្លៃខ្ពស់ជាងអជ្ញាធរអគ្គីសនីកម្ពុជាបានកំណត់ ។


សូមបញ្ជាក់ថា៖ បច្ចុប្បន្នទូទាំងខេត្តប៉ៃលិន មានបន្ទុកប្រើប្រាស់ ថាមពលសរុប ១២ MW (នាំចូលពីអគ្គិសនីកម្ពុជា ខេត្តបាត់ដំបង ចំនួន០៨ MW និងនាំចូលពីប្រទេសថៃចំនួន០៤ MW) មានក្រុមហ៊ុនចែកចាយថាមពលអគ្គិសនីឯកជនចំនួន ០២ ក្រុមហ៊ុន មានបណ្តាញអគ្គិសនីចូលដល់ភូមិ ចំនួន ៩០ភូមិ លើ ៩០ភូមិ ស្មើ ១០០ % គ្រួសារប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ចំនួន ១៣,១១៨ គ្រួសារលើគ្រួសារសរុបចំនួន ១៧,៤០០ គ្រួសារ ស្មើនិង ៧៨ %៕



dd
Bottom Ad