សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា


ត្រលប់ក្រោយ

10/05/23 14:56 PM

ចំនួនទស្សនា៖

328

ប្រភព៖

កណ្តាល

កណ្ដាល៖ នាព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។


ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះបានចាប់ផ្ដើមកាលពីថ្អៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្របតាមនិយាមបច្ចេកទេស នៃការបណ្ដុះបណ្ដាលកងកម្លាំង និងស្តង់ដារគុណភាពដែលបានកំណត់ ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌នរគរបាលជាតិឱ្យឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ។


ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បន្តថា វគ្គបណ្ដុះនេះមានទាំងជំនាញរឹង និងទន់ ក្នុងនោះជំនាញរឹង សំដៅលើជំនាញវិជ្ជាជីវៈនគរបាលដែលត្រូវសិក្សាមុខវិជ្ជា និងមេរៀនសំខាន់ៗដូចជា វិធីសាស្រ្តដឹកនាំបញ្ជាកងកម្លាំង វិធីសាស្រ្តប្រមូលព័ត៌មាន វិធីសាស្រ្តសេនាធិការ ការកសាងនឹងប្រើបណ្ដាញសំងាត់ ការតស៊ូករណី ការស៊ើបអង្កេតរបស់មន្រ្តីនគរបាលយុត្តិធម៌ ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ នីតិវិធីព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌពិសេសជាដើម។


ឯកឧត្តមបន្តថា ក្រៅពីនេះក៏បានបញ្ចូលមុខវិជ្ជាវិធីសាស្ត្រដឹកនាំកិច្ចប្រជុំ វិធីសាស្រ្តសរសេរសុន្ទរកថា សិល្បៈនៃការថ្លែងជាសាធារណៈ ការរៀបចំផែនការ ការងារដ្ឋបាល ការយល់ដឹងអំពីចលនាបដិវត្តន៍ពណ៌ និងការងារពិធីការ ខណៈការបណ្ដុះបណ្ដាលជំនាញទន់សំដៅលើការអប់រំឱ្យមានអត្តចរិតល្អ ការគោរពវិន័យការងារ ការគោរពច្បាប់ គោរពគោលការណ៍ឋានានុក្រមទាំងក្នុងក្របខណ្ឌអង្គភាព និងក្រៅអង្គភាព ការដោះស្រាយបញ្ហាប្រឈម និងការយល់ធ្យាស្រ័យគ្នាជាដើម។


សម្រាប់វគ្គបណ្ដុះបណ្ដាលប្រារព្ធពិធីបិទវគ្គនេះ មានសិក្ខាកាមចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន និងអង្គភាពនានា មានសរុបចំនួន ៤១៥នាក់ នារី៤០នាក់ ក្នុងនោះវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាលកម្រិត១ មានសិក្ខាកាមមានមុខតំណែងចាប់ពីមុខប្រធាននាយកដ្ឋានដល់ថ្នាក់អគ្គនាយករង និងឋានៈស្មើអគ្គនាយកចំនួន ២២នាក់ និងវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាលកម្រិត២ មានសិក្ខាកាមមានមុខតំណែងអធិការរង អធិការនគរបាលខណ្ឌ ស្រុក នាយ នាយរងការិយាល័យ ស្នងការរងនគរបាលរាជធានីខេត្ត និងអនុប្រធាននាយកដ្ឋានអង្គភាពចំនួន ៣៩៣នាក់។


ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមជ័យលាភីចំនួន ៣៧៩នាក់ ក្នុងនោះនិទ្ទេសល្អប្រសើរចំនួន៥៦នាក់ ល្អណាស់១៩០នាក់ ល្អចំនួន១១៩នាក់ ល្អបង្គួរចំនួន៩នាក់ និងនិទ្ទេសមធ្យមចំនួន១៥នាក់ ខណៈសិក្ខាកាម៣៦នាក់ទៀត ត្រូវបានលុបឈ្មោះចេញពីការសិក្សា ដោយសារស្នើសុំលើកពេលសិក្សា និងមិនមកបង្ហាញមុខ។ ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ បណ្ឌិត្យសភានគរបាលកម្ពុជាក៏បានធ្វើមូលវិចារលើលក្ខណៈសម្បត្តិ និងលទ្ធផលនៃការសិក្សារបស់សិក្ខាកាមម្នាក់ៗដាច់ដោយឡែកពីគ្នាដើម្បីគោរពផ្ញើជូនសម្ដេចក្រឡាហោម អង្គភាពសាមី និងនាយកដ្ឋានបុគ្គលិកផងដែរ។


សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភា ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយគំនិតច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់លើការងារដឹកនាំគ្រប់គ្រងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សផ្នែក កងកម្លាំងនគរបាលជាតិ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព ។ សម្ដេចក៏បានកោតសរសើរ និងអបអរសាទរ ចំពោះសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានមកចូលសិក្សាក្នុងវគ្គសុក្រឹតការដ៏មានសារៈសំខាន់នេះ តាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូតហ្វឹកហាត់ និងគោរពវិន័យបានល្អ រហូតទទួលបានជោគជ័យ។


សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងដាក់ចេញទិសដៅក្នុងការធ្វើកំណែទម្រង់លើគ្រប់វិស័យ រួមទាំង ការកែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយក្នុងនោះក៏បានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ដែលបញ្ជាក់ឱ្យឃើញថា ការកែទម្រង់ គឺជាការងារដ៏មានសារៈសំខាន់ និងចាំបាច់បំផុត ដែលយើងត្រូវប្រកាន់យក និងអនុវត្តឱ្យបានល្អ ទាំងក្របខណ្ឌរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។


សម្ដេចបន្តថា ការកែទម្រង់ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ ភាពសម្បូររុងរឿង និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងថាបើមិនធ្វើកំណែទម្រង់ទេ ការដឹកនាំ និងគ្រប់គ្រងនៅតែមានលក្ខណៈអភិរក្សនិយម និងធ្វើការងារតាមទម្លាប់ ជាមូលហេតុធ្វើឱ្យសង្គមជាតិគ្មានវឌ្ឍនភាព និងដើរមិនទាន់យុគសម័យ ដែលវិទ្យាសាស្ត្ររីកចម្រើន និងបច្ចេកវិទ្យាឌីជីថល នោះទេ។


សម្ដេចបន្ថែមថា ការកែទម្រង់ស្ថាប័ន ឬអង្គភាព ត្រូវចាប់ផ្តើមពីការអភិវឌ្ឍធនធានមនុស្សដោយ ខានមិនបាន ពោលគឺធ្វើអោយមនុស្សមានសមត្ថភាពវិជ្ជាជីវៈសមស្រប ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត។

ចំពោះការកែទម្រង់អង្គភាពបណ្តុះបណ្តាល សម្ដេចបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ក៏បានផ្តោតជាអាទិភាពលើការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានដើរតួនាទីស្នូល ក្នុងការផលិតចេញនូវធនធានមនុស្សផ្នែកមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ឱ្យមានគុណភាព និងមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ។ ចំណុចនេះពិតជាមានសារៈសំខាន់ណាស់ ដែលយើងត្រូវចំណាយទុនដើម្បីវិនិយោគដោយគ្មានការស្ទាក់ស្ទើរនោះឡើយ។ ឈរលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃបានប្រើប្រាស់ធនធានជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងបំពាក់សម្ភារៈផ្សេងៗ ដើម្បីបំពេញតម្រូវការនៃការងារ បណ្តុះបណ្តាលឱ្យបានគ្រប់គ្រាន់ ស្របតាមស្ដង់ដាគុណភាពដែលបានកំណត់។


សម្ដេចបានគូសបញ្ជាក់ថា ទោះបីជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកក៏ដោយ ក៏ក្រសួងមហាផ្ទៃ នៅតែខិតខំបន្តនិរន្តរភាពនៃការបណ្តុះបណ្តាលកងកម្លាំង នគរបាលជាតិជាប់ជាប្រចាំ ពីព្រោះការអប់រំបណ្ដុះបណ្តាល គឺជាការងារសំខាន់ដែលមិនអាចផ្អាកបាននោះទេ ជាក់ស្តែង ក្រសួងបានចាត់បញ្ចូនថ្នាក់ដឹកនាំនគរបាលគ្រប់កម្រិត ដែលមិនទាន់ឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាល ឱ្យមកទទួលការបណ្តុះបណ្តាលបានចំនួន ៦៨២នាក់រួចហើយ ខណៈអ្នកសេសសល់ចំនួនជាង៨០០នាក់ទៀត ក៏ត្រូវបញ្ជូនមកធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់។


ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អំពីសម័យកាលនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការប្រែប្រួលឥតឈប់ឈរនៃសភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការលេចឡើងនូវប្រភេទបទល្មើសថ្មីៗ បទល្មើសមិនប្រពៃណី បទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងចរន្តសកលភាវូបនីយកម្ម និងវិបត្តិសង្គ្រាមដែលកំពុងកើតមានឡើងនៅបណ្ដាប្រទេសមួយចំនួន ដែលជាកត្តាសំខាន់ៗជំរុញឱ្យកងកម្លាំងនគរបាលជាតិ ត្រូវតែបន្តការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីធ្វើទំនើបកម្មនៃចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យសមស្របនឹងបរិបទថ្មីនេះផងដែរ។


សម្ដេចក៏បានផ្ដល់នូវអនុសាសន៍ឱ្យបណ្ឌិត្យសភា ត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការដែលបានកំណត់ និងប្រកាន់ខ្ជាប់ «វប្បធម៌គុណភាព» ដើម្បីលើកកម្ពស់សមត្ថភាព និងសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ច ទទួលខុសត្រូវបានល្អប្រសើរ។ ជាមួយគ្នានេះ ត្រូវបន្តយក ចិត្តទុកដាក់បន្ថែមទៀតលើគុណភាពបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសរត់ពន្ធមនុស្ស និងបទល្មើពាក់ព័ន្ធហិរញ្ញប្បទាន ភេរវកម្មជាដើម។


ទន្ទឹមគ្នានោះដែរ សម្ដេចបានណែនាំ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បណ្ឌិត្យសភានគរបាលកម្ពុជា និងនាយកដ្ឋានបុគ្គលិក ត្រូវបន្តសហការចាត់បញ្ជូនមន្ត្រី និងថ្នាក់ដឹកនាំនគរបាលគ្រប់កម្រិត ដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាល មកធ្វើការសិក្សាក្នុងវគ្គបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំ២០២៣នេះ ហើយសិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពរបស់ខ្លួន និងប្រជាពលរដ្ឋក្នុងសង្គម ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតី ទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ និងត្រូវមានអាកប្បកិរិយាល្អ ទាំងក្នុងអង្គភាព និងការរស់នៅក្នុងសង្គម៕



dd
Bottom Ad