12/05/23 13:16 PM
(ស្វាយរៀង): នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើក ទី៣០ នៅសាលប្រជុំធំ សាលាខេត្តស្វាយរៀង។
អញ្ជើញជាគណៈធិបតីក្នុងពិធីនេះមាន ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជាបេក្ខជនតំណាងរាស្ត្រនីតិកាលទី៧ មណ្ឌលខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោកគ្រូអាចារ្យគណៈកម្មការ ដែលមានព្រះវត្តមាន និងវត្តមានក្នុងអង្គពិធីនេះ មានចំនួនប្រមាណ ៥១៧អង្គ/នាក់ ក្នុងនោះព្រះវត្តមានព្រះសង្ឃចំនួន ៣០២អង្គ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សូមសម្តែងនូវការកោតសរសើរដោយស្មោះ ប្រគេនថ្វាយព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងចូលរួមអស់ពីកម្លាំងកាយចិត្តអភិវឌ្ឍន៏នៅខេត្តស្វាយរៀងយើងនេះ។
ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើក ទី៣០ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្ដល់ទស្សនទានដើម្បីចូលរួមចំណែកក្នុងការ ពង្រឹងវិស័យព្រះពុទ្ធសាសនា មានដូចតទៅ ៖
១- គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្ដឲ្យបានខ្ជាប់ខ្ជួនតាមបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលពាក់ព័ន្ធ ដើម្បីប្រែក្លាយឱ្យទៅជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរឹងមាំល្អផូរផង់ដែលជាសាសនារបស់រដ្ឋ។
២- គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរទ្បើងតាមព្រះវិន័យ និងតាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាពក្នុងស្ថាប័នព្រះពុទ្ធសាសនា។
៣- មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ គប្បីចលនាព្រះសង្ឃព្រះពុទ្ធសាសនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រឿងញៀន និងបង្កលក្ខណៈឲ្យមានការគោរពច្បាប់ចរាចរ តាមរយៈការបញ្រ្ជាបព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងការសម្តែងធម្មទេសនា ការអប់រំតាមសាលារៀន និងធ្វើកម្មវិធីអប់រំតាមសហគមន៍។
៤- មន្ទីរធម្មការនិងសាសនា និងសាលាគណខេត្ត ត្រូវបន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏រឹងមាំនៃពុទ្ធសាសនា ក្នុងនោះសាលាពុទ្ធិកបឋមសិក្សា ត្រូវធ្វើកម្រងតាមមូលដ្ឋានឲ្យបានលឿន និងកែទម្រង់មុខវិជ្ជាសិក្សាមួយចំនួន។ ដោយឡែកពុទ្ធិកឧត្តមសិក្សា ត្រូវយកចិត្តទុកដាក់លើការបង្កើនបរិមាណ និងគុណភាពសិក្សាសមណៈសិស្សបន្ថែមទៀត។
៥- សូមមន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ ព្រះគ្រូអនុគណ និងចៅអធិការ សូមយកចិត្តទុកដាក់ជំរុញដល់ភិក្ខុ សាមណេរក្រោម ឱវាទរបស់ខ្លួន សិក្សារៀនសូត្រធម៌វិន័យឲ្យបានស៊ីជម្រៅ និងអនុវត្តវិន័យសីលធម៌នោះឲ្យបានតឹងរ៉ឹង ព្រមទាំងបង្កើតកម្មវិធីបដិបត្តិសមថ-កម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ដើម្បីអប់រំចិត្តជាសំខាន់ផង និងប្រតិបត្តិឱ្យសមជាបុញ្ញខេត្ត សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទជិតឆ្ងាយផង។
៦- សូមមន្ទីរធម្មការនិងសាសនា មន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ សូមបន្តពង្រឹងរចនាសម្ព័ន្ធសង្ឃថ្នាក់មូលដ្ឋានឲ្យបានគ្រប់វត្ត និងបន្តបង្កើតសង្ឃាភិបាល សំដៅបណ្តុះបណ្តាលមន្រ្តីសង្ឃ ឲ្យមានសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវ។
៧- សូមព្រះចៅអធិការវត្ត បន្តយកចិត្តទុកដាក់រៀបចំវត្តអារាមឲ្យបានសក្តិសមជាអារាមគួរជាទីជ្រះថ្លា ជាទីគោរពបូជា ជាទីបដិបត្តិធម៌វិន័យ ជាទីអប់រំសីលធម៌ និងជាទីរមណីយដ្ឋានទេសចរណ៍បែបសាសនា ដោយក្នុងនោះរៀបចំឲ្យមានអនាម័យខ្ពស់ ការពារធម្មជាតិ អភិរក្ស-សំណង់បុរាណ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ទេស-ចរណ៍និងបរិស្ថានសង្គម ដោយស្របតាមព្រះវិន័យ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនា៕ ដោយ:PK