16/05/23 10:36 AM
ព័ត៌មានជាសំឡេង
ខេត្តកណ្ដាល៖ អ្នកដឹកនាំរបស់ស្ត្រីនៅខេត្តកណ្ដាល មានសារៈសំខាន់ណាស់ក្នុងការពង្រីក និងកែលម្អគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទូទាំងខេត្តកណ្ដាលទាំងមូល។
លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល បែបនេះ ក្នុងឱកាសដែលលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាស្ត្រីមកពីស្រុកចំនួន៥ និងមន្ទីរអង្គភាពជុំវិញខេត្ត។ វគ្គនេះដែររៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមន្ទីរកិច្ចការនារីខេត្តកណ្ដាល ដោយមានការគាំទ្រដោយអង្គការវតធឺអេដ(WaterAid) នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។
លោកជំទាវ បន្តថា អ្នកដឹកនាំរបស់ស្ត្រីខេត្តកណ្ដាល មានសារៈសំខាន់ណាស់ក្នុងការពង្រីក និងកែលម្អគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទូទាំងខេត្តកណ្ដាល ពីព្រោះស្រ្តីមានការឧស្សាព្យាយាម មានភាពអត់ធ្មត់ និងការនិយាយស្តីមានភាពទន់ភ្លន់ ទាក់ទាញជាងបុរស ដែលអំណោយផលក្នុងការធ្វើឱ្យឆាប់មានការផ្លាស់ប្តូរឥរិយាបទ ជាពិសេសការប្រើប្រាស់បង្គន់ ការលាងដៃ នឹងសាប៊ូ និងហូបទឹកមានសុវត្ថិភាពផងដែរ។
លោកជំទាវ បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បី "បង្កើនការទទួលបានសេវាទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ (WASH) សម្រាប់ជនងាយរងគ្រោះនៅតាមសហគមន៍ និងភាពអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន”។