16/05/23 16:52 PM
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យធ្វើបច្ចុប្បន្នភាព ស្តាប់របាយការណ៍របស់ចៅសង្កាត់ទាំង៥ និងដាក់ផែនការដើម្បីបន្តត្រួតពិនិត្យទីតាំងដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងខុសច្បាប់ (ឡូតូអនឡាញ និងមាន់ជល់អនឡាញ) នៅក្រុងបាវិត ខេត្តស្វាយរៀង។
សមាសភាពចូលរួមមាន លោក ប៉ែន ភារុន អភិបាលរងក្រុង មន្ត្រីសាលាក្រុង លោកអធិការនគរបាលក្រុងបាវិត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការផ្នែកសិករងក្រុង លោកចៅសង្កាត់.ចៅសង្កាត់រងទាំង៥ លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥។
លោកវរ:សេនីយិ៍ទោ អែម សុវណ្ណារិត អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា: នាពេលបច្ចុប្បន្ននេះសមត្ថកិច្ចក៏មានការជួបលំបាកផងដែរដោយសារការភ្នាល់គឺអ្នកលេងល្បែងស៊ីសងទាំងនោះ គឺគេភ្នាល់តាមរយៈទូរសព្ទដៃ.ដោយឡែកកន្លែងខ្លះទៀតនៅមានការភ្នាល់ដល់ច្រកក្រោមអាជ្ញាប័ណ្ណរបស់កាស៊ីណូ។
លោកក៏បានសំណូមពរឲ្យបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយអំពីផលវិបាកនៃការលេងល្បែងស៊ីសងផងដែរ។ ក្រៅពីនេះនៅក្នុងវេទិកាសាធារណៈក៏តែងតែលើកយកបញ្ហាទាំងអស់នេះមកធ្វើការផ្សព្វផ្សាយនិងអប់រំច្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀតផង។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺពិបាកក្នុងការប្រមូលផ្ដុំពួកគាត់ឲ្យមកចូលរួមស្ដាប់ការផ្សព្វផ្សាយជាងនេះទៅទៀតបញ្ហាដែលប្រឈមគឺពួកគាត់មិនសូវខ្វល់ខ្វាយអំពីបញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណដែលខូច.បាត់ឬហួសសុពលភាពនោះទេដោយសំអាងថាពួកគាត់ជាប់រវល់ទៅធ្វើការនៅរោងចក្រ។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការជំរុញដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវផ្ដោតសំខាន់ទៅលើឡូតូ ដែលមានអាជ្ញាប័ណ្ណ ហើយរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យធ្វើយ៉ាងណាត្រូវចុះពិនិត្យទៅតាមទីតាំង ដើម្បីពិនិត្យមើលជាក់ស្ដែងថាតើមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកឡូតូដែលមានអាជ្ញាប័ណ្ណដែរឬអត់? យើងត្រូវធ្វើដូចភ្លៀងរលឹមដោយមានទឹកចិត្តត្រជាក់។
លោកអភិបាលរងខេត្ត បានស្នើសុំឱ្យអភិបាលរងក្រុងទទួលបន្ទុក ត្រូវចុះពិនិត្យយ៉ាងតិចមួយសប្តាហ៍ម្ដងដោយដឹកនាំកម្លាំងតាមគោលដៅមាន សង្កាត់បាវិត.សង្កាត់ព្រៃអង្គុញ និងសង្កាត់ច្រកម្ទេស ទាំងរដ្ឋបាលក្រុង និងចៅសង្កាត់នៅមូលដ្ឋានផងដែរ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា: តាមលិខិតរបស់ខេត្ត គឺអនុញ្ញាតទីតាំងចំពោះការបង្កើតភ្នាក់ងារឆ្នោតនៅតាមទីតាំងត្រូវចូលរួមសហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋាន ជៀសវាងដាច់ខាតមិនអនុញ្ញាតដាក់នៅក្បែរសាលារៀន ឬទីវត្តអារាម នោះឡើយ។
ម្យ៉ាងវិញទៀតសូមឱ្យម្ចាស់អាជ្ញាប័ណ្ណត្រូវសហការស្នើសុំមកក្រុង ដើម្បីងាយស្រួលក្តាប់បាននៅទីតាំងនីមួយៗដោយត្រូវធ្វើកិច្ចសន្យាជាមួយគាត់ដោយឱ្យគាត់រកស៊ីទៅតាមអ្វីដែលគាត់បានស្នើសុំមិនឱ្យខុសពីការស្នើសុំនោះឡើយ។
ដោយឡែកចំពោះប្រជាពលរដ្ឋលេងល្បែងស៊ីសងនៅតាមផ្ទះត្រូវឱ្យពួកគាត់ធ្វើកិច្ចសន្យាឈប់លេងល្បែងស៊ីសងបន្តទៅទៀត។ បើករណីតូចតាចត្រូវធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាល បើធំដុំត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តទៅតាមនីតិវិធី។ ក្នុងករណីបើមានកន្លែងណាពុំទាន់មានច្បាប់អនុញ្ញាតទេត្រូវបិទជាបន្ទាន់ដោយមិនឲ្យបន្តលេងទៀតនោះឡើយព្រោះកន្លងមកមានកន្លែងខ្លះពុំទាន់រត់ច្បាប់ផងតែបើកលេងល្បែងតែម្ដង។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា: ចាប់ពីសប្តាហ៍ក្រោយនេះទៅ នៅតាមសង្កាត់នីមួយៗក្រុមការងារ និងចុះទៅពិនិត្យផ្ទាល់នៅតាមទីតាំងតែម្ដង ដើម្បីពិនិត្យមើលអាជ្ញាប័ណ្ណថា តើវាត្រឹមត្រូវដែរឬអត់ វាមានអ្វីជ្រកក្រោមនោះទៀតទេ?
យើងធ្វើដូច្នេះដើម្បីលុបបំបាត់ការលេងល្បែងស៊ីសងខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន ហើយបញ្ហាសំខាន់មួយទៀតផងដែរ នៅពេលសមត្ថកិច្ចយើងចុះអនុវត្តច្បាប់ត្រូវមានការប្រុងប្រយ័ត្នជៀសវាងមានការភ្លាំងភ្លាត់ធ្វើឲ្យការងារពុំទទួលបានលទ្ធផលល្អនោះឡើយ៕
ដោយ:PK