22/05/23 13:56 PM
ព័ត៌មានជាសំឡេង
(ស្វាយរៀង): នាព្រឹកថ្ងៃច័ន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង ដែលមានការអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងថា: ក្នុងនាមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្ដមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀងនាពេលនេះ ដែលពិតជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ លើកទឹកចិត្ត និងសហការគាំទ្រដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទីស្នូល និងភារកិច្ចរណបផ្សេងៗទៀត ។
ឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា សូមស្នើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តដូចខាងក្រោម ៖
១-ត្រូវបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដី
គ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់ ការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ ។
២-សូមបន្តជំរុញការអនុវត្តផែនការចុះផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគោលសំខាន់ៗដែលពាក់ព័ន្ធនឹងការប្រតិបត្តិប្រចាំថ្ងៃ ផ្សារភ្ជាប់ចម្បងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបទដ្ឋានថ្មីៗដែលរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នបានដាក់ចេញ ឲ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត ។
៣-ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីរាជការក្នុងវិជ្ជាជីវៈ ជាពិសេសផ្នែកច្បាប់ យន្តការ និងវិធីសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការសម្របសម្រួលដោះស្រាយវិវាទ និងការងារអធិការកិច្ចជាដើម ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការការងារថ្មីៗ សំដៅធានានិរន្តរ៍ភាពការងាររបស់អង្គភាពឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ។
សូមជម្រាបជូនថា: យោងប្រកាសលេខ០៤៦/២៣ ទ រ ព អ ប្រ.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ត្រូវបានតែងតាំងលោក សៅ វណ្ណា ឋានន្តរស័ក្កិ វរៈមន្ត្រី ថ្នាក់លេខ១ ជាប្រធានមន្ទីរទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង ជំនួសលោក សឹង សុខុម ដែលត្រូវដល់អាយុចូលនិវត្ត៕
ដោយ:PK