គណៈប្រតិភូសាធារណរដ្ឋប្រជាមានិតឡាវ មកទស្សនកិច្ចសិក្សា​នៅ​កម្ពុជា ដើម្បីសិក្សាអំពីឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសក៍


ត្រលប់ក្រោយ

23/05/23 09:59 AM

ចំនួនទស្សនា៖

311

ប្រភព៖

ភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានទទួល​ជួបប្រជុំជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ មកពីក្រសួងការងារ និងសុខុមាលភាពសង្គម, ក្រសួងអប់រំ និងកីឡា, អង្គការ IOM ក្រោមគម្រោង PROMISE និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ច​សហប្រតិបត្តិការ ប្រមាណ៤០នាក់ ដើម្បីចែករំលែក​អំពីឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសក៍។


នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈកម្ពុជា បានធ្វើការចែករំលែកនូវ (១) ការលើកកម្ពស់ និងផ្តល់ការអប់រំដល់ពលករទេសន្តរប្រវេសក៍តាមរយៈមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសក៍, ដំណើរការដោះស្រាយ និងផ្សះផ្សាវិវាទរបស់ពលករទេសន្តរប្រវេសក៍ ទាំងក្នុង និងក្រៅប្រទេស, និងការគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសឯកជន (២) ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ​ដំណើការនៃការដាក់ពាក្យធ្វើការងារ និងការផ្គូរផ្គងការងារ និង ​(៣) ការគាំទ្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការធ្វើតេស្តជំនាញ និងការទទួលស្គាល់ជំនាញពីមុន (RPL), សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកាតាលីករជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។


ឯកឧត្តមប្រធានគណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ប្រតិភូឡាវទាំងអស់ និងសង្ឃឹមថា ភាគីឡាវ និងកម្ពុជា នឹងបន្តពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។

ជាចុងក្រោយ គណៈប្រតិភូទាំងអស់បានអញ្ជើញ​ទៅទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មផងដែរ៕



dd
Bottom Ad