26/05/23 08:20 AM
សៀមរាប៖ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី លិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការបង្ការទារុណកម្ម និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ។
វគ្គបណ្ដុះបណ្ដាលនេះ មានអញ្ជើញចូលរួមជាគណះអធិប្បតីភាពដ៏ខ្ពង់ខ្ពង់ខ្ពស់របស់ឯកឧត្ដម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងអញ្ជើញចូលរួមផងដែរ មាន ឯកឧត្តមជា សមាជិត គ.ជ.ប.ទ ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ សមាជិកក្រុងប្រឹក្សាខេត្ត លោកជំទាវ អភិបាលរងខេត្ត អនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានសិក្ខាកាម ដែលអញ្ជើញមកពី មន្ទីរអង្គភាពជុំវិញខេត្ត អយ្យការអមសាលាដំបូង គណៈអភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាខេត្ត កងកំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កងកំលាំងបញ្ជាការដ្ឋាកងរាជអាវុធហត្ថ មន្រី្ដពន្ធនាគា សរុបចំនួន ២១៥ នាក់ ។
ការបើកវគ្គអប់រំផ្សព្វផ្សាយនៅពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដែលរដ្ឋាភិបាលប្រគល់ឲ្យ និងពង្រឹងសមត្ថភាពដល់អាជ្ញាធរមានសមត្ថកិច្ច និងតួរអង្គពាក់ព័ន្ធនាៗ ដើម្បីធានាបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវអំពើទារុណកម្ម ជាពិសេស គឺគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទិ្ធមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
មានមតិនាឱកាសនោះឯកឧត្ដម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានមានមតិលើកឡើងថា៖ ការគ្រប់គ្រងជនត្រូវបានដកហូតសេរីភាពនិងមន្រី្តប្រតិបត្តិច្បាប់នានាត្រូវអនុវត្តភារកិច្ចរៀងៗខ្លួនឲ្យស្របតាមច្បាប់ជាតិ និងស្មារតីនៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម លើអនុសញ្ញានេះ និងស្របតាមច្បាប់ ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៧៩។
ឯកឧត្តមបានបន្តថា មន្រ្ដីត្រូវបំពេញភាកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់គ្រប់ពេលវេលា និងការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សព្រមទាំងរក្សា និងលើកស្ទួយសិទ្ធិមនុស្សគ្រប់រូប។ អាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចំបាច់បំផុតមានន័យថា អាចអនុញ្ញាតិឲ្យប្រើកម្លាំងបានតែក្នុងកាលៈទេសៈសមហេតុផល ដើម្បីទប់ស្កាត់បទលើ្មស។ វគ្គអប់រំផ្សព្វផ្សាយដែលប្រារព្វធ្វើនៅពេលនេះក្នុងគោលបំណងបង្កើនការអប់រំដើម្បីទប់ស្កាត់ភាពអសកម្មផ្សេងៗ ដែលនាំឲ្យរាំងស្ទះដល់ការអនុវត្តសិទ្ធរបស់ប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបទៅនិងវិធានការនានារបស់រាជរដ្ឋាភិបាល និងស្ថាប័នអន្ដរជាតិដែលកំពុងខិតខំក្នុងការការពារសិទ្ធិរបស់ជនដែលត្រូវដកហូតសេរីភាព ៕