វគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល ក្នុងតំបន់ចុះបញ្ជីដីធ្លី នៅស្រុកកោះធំ


ត្រលប់ក្រោយ

26/05/23 11:58 AM

ចំនួនទស្សនា៖

314

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖វគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល ក្នុងតំបន់ធ្វើការវិនិច្ឆ័យ សម្រាប់នីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ចំនួន ០៦ឃុំ គឺឃុំកោះធំ (ក) ឃុំកោះធំ (ខ) ឃុំពោធិ៍បាន ឃុំលើកដែក ឃុំព្រែកថ្មី និងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។


លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាលបានថ្លែងថា៖គណៈកម្មការរដ្ឋបាល ក្នុងតំបន់ធ្វើការវិនិច្ឆ័យ សម្រាប់នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ជូនដល់មេភូមិ មេឃុំ និងចាស់ព្រឹទ្ធាចារ្យដើម្បីអោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងសាររាចរណ៍ណែនាំតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ។


លោកបន្តថា៖ គណៈកម្មការរដ្ឋបាលដូចបានចែង មានតួនាទីភារកិច្ច ធានាដល់ការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ឈានទៅគ្រប់គ្រងលើការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំទាំង៦ខាងលើ និងធ្វើជាសេនាធិការឱ្យរដ្ឋបាលខេត្ត ស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយបានចែកចេញជា៥ដំណាក់កាល គឺត្រៀមរៀបចំកំណត់តំបន់ប្រតិបត្តិការចុះវាស់វែង បិទប្រកាសផ្សាយជាសាធារណៈ សម្រេចលើឯកសារវិនិច្ឆ័យ របស់រដ្ឋបាលខេត្ត និងចុងក្រោយចេញប័ណ្ណជូនម្ចាស់ដី។


លោកបានលើកឡើងទៀតថា៖ ដើម្បីឱ្យកិច្ចដំណើរការទៅមានភាពល្អប្រសើរនោះ គណៈកម្មការរដ្ឋបាល ដែលមានលេខាធិការដ្ឋាន ស្ថិតក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានភារកិច្ចទទួលខុសត្រូវ ក្នុងការរៀបចំរបៀបវារៈប្រជុំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ធ្វើការវិនិច្ឆ័យ ធ្វើការពន្យល់ណែនាំអំពីដំណើរការ ឆ្លើយនូវសំណួរ ឬចម្ងល់ និងបំភ្លឺអំពីសិទ្ធិស្របច្បាប់លើអចលនវត្ថុ។ ត្រូវកំណត់ឱ្យបានច្បាស់ អំពីអត្តសញ្ញាណដូចជាដីវត្តអារាម សាលារៀន ទីសាធារណៈ សាលាឃុំ ភូមិ ផ្លូវ ប្រឡាយ ស្ទឹង បឹង ព្រែកជាក់ស្តែង នៃទីតាំងដីនីមួយៗ បើមានករណីទំនាស់វិវាទត្រូវដោះស្រាយឱ្យបានចប់សព្វគ្រប់។ ទិន្នន័យដែលក្រុមការងារប្រមូលបាន ត្រូវបញ្ចូលក្នុងកុំព្យូទ័រ ចាត់ទុកជាឯកសារផ្លូវការតាមច្បាប់ ចំពោះក្បាលដីណាមិនទាក់ទងនឹងវិវាទ ឯប័ណ្ណដី ឬអចលនវត្ថុ របស់នីតិបុគ្គលសាធារណៈ និងឯកជន ត្រូវប្រគល់ឱ្យម្ចាស់ដីស្របច្បាប់ ជាអ្នកទទួលយក និងរក្សាទុក។


ថ្លែងក្នុងឱកាសនោះ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង។


លោក បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។

លោកសង្ឃឹមថា៖ ក្រោយពីបញ្ចប់វគ្គនេះទៅ គណៈកម្មការរដ្ឋបាល ពិតជាទទួលបាននូវចំណេះដឹង និងចូលរួមសហការល្អលើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ មានប្រសិទ្ធិភាព និងតម្លាភាព៕



dd
Bottom Ad