08/06/23 10:35 AM
សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងែទី៧ ខែ មិថុនា ឆ្នាំ២០២៣ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុកពាមរក៍ និងសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំ អ្នកស្ម័ត្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ និងរងគ្រោះ ចំនួន ១១គ្រួសារ ក្នុងនោះ គ្រួសារក្រីក្រ ៤គ្រួសារ ចាស់ជរាឥតទីពឹង ៣គ្រួសារ ជនពិការ ២គ្រួសារ នៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ និងចូលរួមបុណ្យសព ចំនួន ២ គ្រួសារសព នៅភូមិបឹងក្អែក ១គ្រួសារ និងភូមិបន្លេច ១គ្រួសារ ក្នុងឃុំពាមមានជ័យ ។
នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង៣កុំ ជាពិសេសអនាម័យជាប់ជាកិច្ច ជាពិសេសហូបស្អាត ផឹកស្អាត រស់នៅស្អាត ទើបសុខភាពល្អ។
សម្ភារៈផ្តល់ជូន ក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ២៥ គ.ក មី ១កេស និងថវិកាចំនួន ៣០,០០០រៀល។ ដោយឡែក អនុសាខាស្រុក បានចូលរួមបុណ្យសពស្លាប់ដោយសារជំងឺ ១នាក់ សម្ភារៈចូលបុណ្យរួមមាន អង្ករ ២៥គ.ក ទឹកសុទ្ធ ២កេស និងបច្ច័យចំនួន ៤០០,០០០រៀល។