ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការតម្រង់ទិសការរៀបចំថវិកាសមិទ្ធកម្ម


ត្រលប់ក្រោយ

08/06/23 12:06 PM

ចំនួនទស្សនា៖

337

ប្រភព៖

សៀមរាប

ព័ត៌មានជាសំឡេង

សៀមរាប៖ នៅព្រឹកថៃ្ងព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ Angkor paradise hotel មានរៀបចំសិក្ខាសាលាស្តីពី ការតម្រង់ទិសការរៀបចំថវិការសមិទ្ធកម្ម ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណ:។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន ៨៥ នាក់ មកពី១០ អង្គភាព រួមមាន៖ នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខធិការដ្ឋាន គជអប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ។


ក្នុងឱកាសដ៏នោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណ: បានបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា បាននឹងកំពុងបន្តឈានឡើងជាលំដាប់ ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្តីសង្ឃឹម ផ្លែផ្កាជាសមិទ្ធផលទទួលបាននាបច្ចុប្បន្ន ដុះចេញពីឫសគល់ដែលជាមូលដ្ឋានគ្រឹះពីអតីតកាល នោះគឺការបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការធានាបាននូវសុខសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស។


ឯកឧត្ដម បានបន្តទៀតថា សន្តិភាព គឺជាបុរេលក្ខខណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមបញ្ចូលទាំងការផ្តល់ឱកាសដល់ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើឡើងថែមទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិ។ ព្រោះសុខសន្តិភាព ស្ថិរភាពនយោបាយ និងការឯកភាពជាតិពេញផ្ទៃប្រទេស គឺយើងសម្រេចបាន ដោយលំបាកបំផុត ហើយបានផ្ដល់ឱកាសឱ្យយើងអាចកែលម្អ និងស្ថាបនាបន្ថែមទៀតលើប្រព័ន្ធអភិបាលកិច្ចរបស់យើង តាមរយៈការរៀបចំការងារកែទម្រង់ជាប្រព័ន្ធ និងក្នុងលក្ខណៈជាកម្មវិធីរយៈពេលវែងដែលមានការកំណត់ចក្ខុវិស័យ វែងឆ្ងាយ, មានការបែងចែកជាដំណាក់កាលប្រកបដោយភាពជាក់ស្តែងនិយមជាមួយនឹងគោលដៅជាក់លាក់ ព្រម ទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់ ។


ផ្អែកលើសាវតា និងទស្សនៈវិស័យ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញបន្តបន្ទាប់នូវកម្មវិធីកែទម្រង់ក្នុងលក្ខណៈ ជាប្រព័ន្ធ ឬការកែទម្រង់រចនាសម្ព័ន្ធរយៈពេលវែងលើវិស័យសំខាន់ៗ សំដៅលើកកម្ពស់គុណភាពអភិបាលកិច្ចជាមួយ នឹងរចនាសម្ព័ន្ធ, យន្តការអនុវត្តនិងផែនការសកម្មភាពលម្អិតច្បាស់លាស់, កម្មវិធីកែទម្រង់នីមួយៗ ទទួលបាននូវការ សាទរ និងការគាំទ្រយ៉ាងសកម្ម ពីសំណាក់ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា រួមបញ្ចូលនូវការផ្ដល់ជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុជាបន្តបន្ទាប់, ក្នុងភាពជាដៃគូ,កិច្ចសហប្រតិបត្តិការ និងការគោរពភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ។


ដើម្បីឆ្លើយតបទៅនឹងការកែទម្រង់អភិបាលកិច្ច ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់តាំងពីខែធ្នូ ឆ្នាំ២០០៤ និងបានក្លាយជាកម្មវិធីអាទិភាពមួយក្នុងចំណោម កម្មវិធីកែទម្រង់អាទិភាពផ្សេងទៀតរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណ ដែលជា “របៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ច” នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវបានរៀបចំដើម្បីដាក់ចេញគោលនយោបាយរួម និងគ្រប់ ជ្រុងជ្រោយ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច បង្កើតការងារ បែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងធានា ឱ្យបាននូវប្រសិទ្ធភាពស្ថាប័នសាធារណៈ និងការគ្រប់គ្រងធនធានគ្រប់ប្រភេទ។


ក្នុងន័យនេះ ឯកសារយុទ្ធសាស្ត្របានកំណត់គោលនយោបាយអាទិភាព និងកម្មវិធីកែទម្រង់គ្រប់ជ្រុងជ្រោយ សម្រាប់រាជរដ្ឋាភិបាល និងគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការអនុវត្ត និងគ្រប់គ្រងរបៀបវារៈគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។ យុទ្ធសាស្ត្រនេះ រំលេចអំពីបេសកកម្មរបស់ រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាព ក្រីក្រដែលឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ។


កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី៤, ដែលជា ដំណាក់កាលចុងក្រោយរបស់ខ្លួន បន្ទាប់ពីបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំជាមួយឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញអនុវត្តកម្មវិធីកែទម្រង់ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ ដំណាក់កាលធំៗទាំង៣ រួមមាន៖ ១ ការអនុវត្តន៍ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនភាពជឿទុកចិត្តនថវិកា។ ២ ករអនុវត្តន៍ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង

ដំណាក់កាលទី៣ គឺត្រូបានអនុវត្ដពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។


ដោយឡែកដំណាក់កាលទី៤ ដែលយើងកំពុងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ នេះរហូតដល់ឆ្នាំ២០២៧ គឺមានគោលដៅគន្លឹះសំដៅលើ ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម សំរេចបាននូវគោលបំណងសំខាន់នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយធ្វើការផ្លាស់ប្តូរបណ្តើរៗពី "ប្រព័ន្ធគ្រប់គ្រងដោយ ផ្អែកលើធាតុចូល និងមជ្ឈការ” ឆ្ពោះទៅជា “ប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឍការ តាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ការអនុវត្តកម្មវិធី និងការអនុវត្ត ថវិកា។


ទន្ទឹមនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ត្រូវបានអនុម័តដាក់ ឱ្យអនុវត្តនៅក្នុងឆ្នាំ២០១៨ ក្នុងគោលដៅកែទម្រង់ប្រព័ន្ធថវិកាជាបណ្ដើរៗ ឆ្ពោះទៅថវិកាព័ត៌មាន សមិទ្ធកម្ម ជាគំរូដែលកម្ពុជាសម្រេចជ្រើសរើសយក និងត្រូវបានហៅកាត់ថា“ថវិកាសមិទ្ធកម្ម”។ តាមគំរូនេះ ការរៀបចំកញ្ចប់ថវិកាមានការពាក់ព័ន្ធជាប្រយោលជាមួយនឹងសមិទ្ធកម្មដែលបានស្នើ ឡើង ឬដែលសម្រេចបានកន្លងមក ដោយក្រសួង-ស្ថាប័ន ។ ព័ត៌មានសមិទ្ធកម្មមានតួនាទីសំខាន់ ប៉ុន្តែមិនមែនជាទម្ងន់ ឬជាឯកតាកំណត់ដាច់ខាតសម្រាប់ធ្វើការសម្រេចលើការវិភាជថវិកានោះទេ។ ក្នុងន័យនេះ ព័ត៌មានសមិទ្ធកម្មមិនមែនជាមូលដ្ឋានតែមួយគត់នោះឡើយ ប៉ុន្តែត្រូវប្រើគួបផ្សំជាមួយ នឹងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ចនយោបាយ និងអាទិភាពគោលនយោបាយ សម្រាប់ធ្វើ សេចក្តីសម្រេចចិត្តលើការវិភាជថវិកា ឬធនធាន។ យុទ្ធសាស្ត្រនេះបានកំណត់ទិសដៅ និងផែនទីចង្អុល ផ្លូវនៃការកែទម្រង់ប្រព័ន្ធថវិការបស់កម្ពុជា ឈានឆ្ពោះទៅការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ៕



dd
Bottom Ad