08/06/23 13:52 PM
ព័ត៌មានជាសំឡេង
កំពង់ចាម៖ នាព្រឹកថ្ងៃព្រហ្បតិ៍ ៥រោច ខែជេសដ្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់ នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។
ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ២ ថាសមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពាធ នាឱកាសនោះ រួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញចរាចរ ដែលជាអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ទោបន្តថាជាមួយគ្នានេះក៏មាន អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជា អំណោយរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាមព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានសម្រេចជួយឧបត្ថម្ភអគារសិក្សា១ខ្នង និងបំពាក់សម្ភារៈ ក្នុងតម្លៃទឹក ប្រាក់ជាង ២៣ម៉ឺនដុល្លារ ដល់សាលានគរបាលជាតិភូមិភាគ២។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ច និងចូលរួមដោយផ្ទាល់ក្នុងពិធីនាឱកាសនេះ។ សម្ដេចក៏បានមានប្រសាសន៍ថ្លែងអំណរគុណរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ដែលបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជានិយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងនោះក៏មានកិច្ចសហប្រត្តិការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនគរបាលផងដែរ។
សម្ដេចបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាល ភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា និងថាការវិវឌ្ឍរីកចម្រើននេះបានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាល ជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ។
សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់យកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ ក្នុងឱកាសនោះដែរ សម្តេចក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្ស នគរបាលជ័យលាភីចំនួន១០រូប និងលិខិតថ្លែងអំណរគុណដល់សប្បុរសជនចំនួន៨រូប ផងដែរ៕