សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី ១៤ ជូនពលរដ្ឋទ័លលំបាក១គ្រួសារ នៅឃុំត្រប់ ស្រុកបាធាយ


ត្រលប់ក្រោយ

08/06/23 14:26 PM

ចំនួនទស្សនា៖

312

ប្រភព៖

កំពង់ចាម

សាខា កក្រក ខេត្តកំពង់ចាម : ព្រឹកថ្ងៃពុធ ទី ៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមនិង ព្រះវត្តមាន ព្រះឧត្តមចរិយា ស៊ាង លាង ព្រះបាឡាត់គណខេត្ត ឯកឧត្តម អនុប្រធាន លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និង អនុសាខាស្រុក បាននិមន្ត និង អញ្ជើញ ចុះប្រគល់ផ្ទះបន្ទាប់ទី១៤ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ ឈ្មោះ យ៉េង យាន់ អាយុ ៤៨ឆ្នាំ រស់នៅ ភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ។


គួររំលឹកថា ប្អូន យ៉េង យាន់ ជាបុរសពោះម៉ាយ មានកូនស្រីប្រុស ក្នុងបន្ទុក ២នាក់ ។ កូនស្រីច្បង កំពុងរៀនថ្នាក់ទី ៦ ហើយកូនប្រុសទី ២ នៅក្នុងបន្ទុក ។ យ៉េន យាន់ ពុំមានទ្រព្យសម្បត្តិអ្វីជាដុំកំភួនទេ ហើយ មានជម្ងឺកៀបសរសៃថែមទៀត ត្រូវបង្ខំចិត្តដើរធ្វើសំណង់ ផង និង ស៊ីឈ្នួល តាមរដូវកាលផង គ្រាន់បានកម្រៃចិញ្ចឹមកូន ។ សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ ។ ឪពុកកូន ៣នាក់នេះ ពុំមានផ្ទះផ្ទាល់ខ្លួន ទេ តែបានបងប្អូន អ្នកជិតខាង ឲ្យស្នាក់សំចតក្រោមផ្ទះ ជាទីជម្រក ។ ទោះជាយ៉ាងណាក្តី សាមីខ្លួន មានដីមរតក (ពីមុនជាថ្នាលសំណាប) ជាកម្មសិទ្ធិ មួយកន្លែង ទំហំ ៦ម × ៨ម ប៉ុន្តែ ដោយសារជីវភាពក្រខ្សត់ពេក ទើបពុំមានលទ្ធភាព សង់ផ្ទះស្នាក់នៅ បាន ។


មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកបាធាយ និងសប្បុរសជន ជូនលោក និង ក្រុមគ្រួសារ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។


ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោក ., សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។


ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២១នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ។



dd
Bottom Ad