09/06/23 11:15 AM
ព័ត៌មានជាសំឡេង
(ស្វាយរៀង): នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញចូលរួមពិធីដាំដើមក្ងោកចំនួន ១,០០០ដើម នៅឃុំថ្នាធ្នង់ ក្រោមប្រធានបទ"ដាំដើមឈើ លម្អសោភ័ណ្ឌភាព និងបង្កើនភាពស្រស់ស្អាតបរិស្ថានរបស់សហគមន៍យើង" លើទីតាំងសង្ខាងដងផ្លូវស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ក្នុងពិធីនេះមានការចូលរួមពីឯកឧត្ដម លោក អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានឃុំ តំណាងមន្ទីរបរិស្ថានខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន លោកមេភូមិ ព្រះចៅអធិការវត្ត និងមន្រ្តីសង្ឃវត្តធ្នង់ លោកនាយប៉ុស្តិ៍នគរបាលថ្នាធ្នង់និងសហការី ប្រជាការពារភូមិ ប្រជាពលរដ្ឋ យុវជន សសយក ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
ក្នុងពិធីដាំដើមឈើនេះដែរ ឯកឧត្ដមបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល មកជូនដល់អង្គពិធីផងដែរ។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនផងដែរ៖
១- សូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ចូលរួមថែរក្សាបរិស្ថាន ថែរក្សាដើមឈើស្រោចទឹក ដាក់ជី ដើម្បីបានឆាត់លូតលាស់ និងមានសោភ័ណ្ឌភាពស្អាត។
២- បង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរណ៍បានចូលមកកំសាន្តនៅសហគមន៍យើង។
៣- សូមបងប្អូន ដាក់ចិត្ត ដាក់បេះដូងស្រលាញ់ និងមើលថែរក្សាដើមក្ងោកនេះ ឱ្យដូចទ្រព្យសម្បត្តិរបស់យើង។
៤- ការដាំដើមឈើនេះស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រង់ចំនុចលក្ខណៈសម្បត្តិទី៦ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
សូមបញ្ជាក់ជូនផងដែរថា: ដើមក្ងោកចំនួន ១,០០០ដើមនេះ ជាអំណោយរបស់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានផងដែរ៕ ដោយ:PK