ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៣៥គ្រួសារ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ទទួលអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


ត្រលប់ក្រោយ

12/06/23 10:59 AM

ចំនួនទស្សនា៖

251

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ខេត្ត ប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយ មនុស្ស ធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចែកជូនដល់បង ប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៤៣៥គ្រួសារ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


នៅក្នុងឱកាសនោះផងដែរ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានមានប្រសាសន៍ផ្តាំដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឲ្យកើតជម្ងឺដម្កាត់ ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយ បងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបាបឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋាន ទាំង អស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើង នៅ ជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។


លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញពាក់ ព័ន្ធ ត្រូវយកចិត្តទុក្ខដាក់ និងជំរុញប្រជាពលរដ្ឋ ទៅទទួលប័ណ្ណព័ត៌មានឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវជួយ សម្រប សម្រួល ជូនប្រជាពលរដ្ឋ ដែលមិនទាន់មានឯកសារពាក់ព័ន្ធ ដែលបម្រើដល់ការបោះឆ្នោត ត្រូវធ្វើអោយបានរួចរាល់ ដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មាន ឯកសាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ អោយបានគ្រប់ៗគ្នា ។


ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ នាំមកនូវ សេចក្តី នឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែល ជានិច្ច កាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ប្រកបដោយការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះ ដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ពិសេសជាង ២ឆ្នាំមកហើយ ក្នុងស្ថានភាពដ៏ សែន លំបាកប្រកបដោយគ្រោះថ្នាក់នៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះសង្រ្គោះ ឆក់យក បាន ជិវិតប្រជាពលរដ្ឋចេញពីក្រញាំមច្ចុរាជមកវិញ តាមរយៈការចាក់វ៉ាក់សាំងស្រោច បង្កើតភាពស៊ាំ និងបើកប្រទេសឱ្យ ដំណើរ ការឡើង វិញតាមប្រក្រតីភាពថ្មី បន្តការអភិវឌ្ឍទៅមុខ ។


ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ជាក់ស្តែងនៅថ្ងៃនេះ គ្រាន់តែទទួលដំណឹងពីអាជ្ញាមូលដ្ឋាន ថាមានបងប្អូនយើងជួបការលំបាក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនដល់បងប្អូនយើងបានទាន់ពេលវេលា ដើម្បីចូលរួមចំណែកដោះស្រាយ នូវការលំបាកជាក់ស្តែង ហើយបើទោះ បីជាអំណោយទាំងនេះមិនបានបំពេញតាមតម្រូវ ការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយ កំរិត ផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបង ប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើត ផល ដាំដំណាំ ចិញ្ចឹមសត្វ ឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ។


សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៤៣៥គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ១យួ ប្រហុក ១កែវ និងថវិកាមួយចំនួនផងដែរ។




dd
Bottom Ad