12/06/23 11:11 AM
(ខេត្តស្វាយរៀង): លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្ត នារសៀលថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងស្រុករមាសហែក អំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំង។
ក្នុងការចុះបង្ក្រាបនាឱកាសនោះក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារ អស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកនិងកងកម្លាំងទាំងបីប្រភេទផងដែរ។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា: ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ដីអំពីការទប់ស្កាត់និងបង្ក្រាបការរុករានទន្ទ្រាន្តដីរដ្ឋ ដែលនៅពេលកន្លងមកមានប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក, ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអាណាធិបតេយ្យនេះបណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹង ដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតាតែប៉ុណ្ណោះ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា: ជាលទ្ធផលក្រុមការងារសម្រេចដកបង្គោលដែលត្រូវបានប្រជាពលរដ្ឋមួយចំនួនតូច បានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋ ចំនួន៥០ហិកតា និងដកកូនកៅស៊ូ បានចំនួន២៥០ដើម រួចរាល់ផងដែរក្រោយពីរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំនិងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើដីព្រៃរបស់រដ្ឋរួចហើយផងដែរ។ អញ្ចឹងគឺដល់ពេលដែលយើងចុះអនុវត្តច្បាប់តែម្តងដើម្បីបញ្ចប់រឿងទាំងអស់ខាងលើនេះកុំបណ្ដោយអោយយូរទៀត៕ ដោយ:PK