ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នូល "កាយរឹទ្ធិ រស់ក្នុងសន្តិភាព"


ត្រលប់ក្រោយ

14/06/23 10:06 AM

ចំនួនទស្សនា៖

299

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នូល "កាយរឹទ្ធិ រស់ក្នុងសន្តិភាព" កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា កម្មវិធីកាយរឹទ្ធិកម្ម ពិតជាការអប់រំក្រៅប្រព័ន្ធដ៏មានប្រសិទ្ធភាព និងបានដើរតួនាទីយ៉ាងសកម្ម ដើម្បីគាំទ្រដល់ការអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាថ្នាលបណ្តុះបណ្តាលកុមារ និងយុវជន ឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គម ពលរដ្ឋសកល និងជាសមាជិកសកម្មក្នុងសហគមន៍រស់នៅរបស់ពួកគេ។


ឯកឧត្ដមអភិបាលរងខេត្ត បន្តថា អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងកាយរឹទ្ធិជាតិកម្ពុជា បានកំណត់ថា ចលនាកាយរឹទ្ធិ គឺជាអង្គការអប់រំស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន មិនធ្វើនយោបាយ ហើយបើកចំហ ដល់ជនគ្រប់រូប ដោយមិនគិតអំពីភេទ ដើមកំណើត សញ្ជាតិ ឬគោលជំនឿ ដោយអនុលោមទៅតាម គោលបំណង គោលការណ៍ និងវិធីកាយរឹទ្ធិកម្ម។


ឯកឧត្ដមអភិបាលរងខេត្ត ក៏បានលើកឡើងបន្ថែមថា នាពេលកន្លងមក កាយរឹទ្ធិជាតិកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យក្លាយជាបុគ្គលប្រកបដោយសក្តានុពល ភាពពេញលេញនូវ ផ្លូវកាយសម្បទា ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុង សហគមន៍តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។


ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត ត្រូវបន្តចងក្រងសៀវភៅកាយរឹទ្ធិកម្មតាមផ្នែកនីមួយៗ និងធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ ចាប់តាំងពីថ្នាក់ខេត្ត ក្រុង ស្រុក និងកងឯកភាព(សាលារៀន) ទូទាំងខេត្ត។ បន្តខិតខំរៀបចំនូវផែនការសកម្មភាព បទបញ្ញត្តិ សេចក្តីណែនាំ និងឯកសារផ្សេងៗ ដើម្បីបំពេញបន្ថែមលើផែនការយុទ្ធសាស្ត្រ និងធានាប្រសិទ្ធភាព នៃការអនុវត្តការងារប្រចាំថ្ងៃរបស់យុវជនកាយរឹទ្ធិតាមសាលារៀនឱ្យច្បាស់លាស់ និងមានប្រសិទ្ធភាព។ បន្តបង្កើនកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជាមួយក្រុមប្រឹក្សាកាយរឹទ្ធិក្រុង ស្រុក គ្រប់បណ្តាអង្គការ និងដៃគូអភិវឌ្ឍន៍ដែលកំពុងសកម្មភាពក្នុងខេត្ត ដើម្បីជួយជំរុញលើកកម្ពស់ចលនាកាយរឹទ្ធិឱ្យមាននិរន្តរភាព ប្រសិទ្ធភាព និងគុណវុឌ្ឈ។ បន្តកិច្ចខិតខំប្រឹងប្រែងរៀបចំផែនការ ប្រតិបត្តិរយៈពេលវែង មធ្យម និងខ្លីរបស់ស្ថាប័នខ្លួន និងកៀរគរសប្បុរសជនបង្កើត «មូលនិធិកាយរឹទ្ធិ» គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់កាយរឹទ្ធិទូទាំងខេត្ត។ គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត និងក្រុង-ស្រុក ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាពជំនាញកាយរឹទ្ធិកម្មដល់មេដឹកនាំកាយរឹទ្ធិតាមបណ្ដ គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានជាតិ-អន្តរជាតិ ដើម្បីឱ្យក្លាយទៅជាធនធានកាយរឹទ្ធិ ដ៏មានសក្តានុពល ក្នុងការរៀបចំផែនការ និងកម្មវិធីកាយរឹទ្ធិកម្មនៅតាមកងឯកភាពរបស់ខ្លួន ដូចជា៖ «កម្មវិធីវឌ្ឍនកម្មកាយរឹទ្ធិប្អូន កាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បង» «កម្មវិធីបំពាក់កន្សែង និង សច្ចាប្រណិធានដល់នវកាយរឹទ្ធិប្អូន កាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បង» «ការបោះជំរំ» និង «គម្រោង ស្ម័គ្រចិត្តសហគមន៍» ជាដើម។



dd
Bottom Ad