14/06/23 10:18 AM
ព័ត៌មានជាសំឡេង
ក្រចេះ៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ភឹម ភីរ៉ា អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ និងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅសាលមហោស្រពខេត្ត ។
ឯកឧត្តម ភឹម ភីរ៉ា អភិបាលខេត្តស្តីទី បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៦.៩០៥ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣.៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋគិតចាប់ពីខែមករា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូននិវត្តជន-ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែ របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ។
ឯកឧត្តម ភឹម ភីរ៉ា បន្តថា ៖ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ក្នុងឱកាសខួបលើកទី១៦ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ ក៏បានស្នើសុំឲ្យ- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ-បន្តគាំទ្រគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងជីវភាពធូធារ និងសូមបន្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូសនិងគ្រប់គ្នា ៕