ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣


ត្រលប់ក្រោយ

15/06/23 11:28 AM

ចំនួនទស្សនា៖

285

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នា២០២៣នេះ បានអញ្ចើញដឹកនាំក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤៩ អាណត្តិទី៣ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។


ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ បានជំរុញ និងលើកទឹកចិត្ត ដល់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តខិតខំបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជាពិសេសត្រូវខិតខំបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យ។


ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឱ្យរស់នៅប្រកបដោយសុខសុវត្តិភាព មានការអភិវឌ្ឍ និងរីកចំរើន កសាងបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតសម្រាប់ខេត្តទាំងមូល។


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានស្មើដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុកស្អាង ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាកសិករ អំពីការដាក់ពាក្យស្មើសុំប្រើប្រាស់អគ្គីសនីតំលៃពិសេស សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដើម្បីជួយសម្រួលដល់ផលប្រយោជន៍របស់ពួកគាត់ក្នុងវិស័យកសិកម្មកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលដ្ឋ ឱ្យចូលរួមបងថ្លៃ លើសេវាប្រមូលសំរាមនៅតាមមូលដ្ឋានខ្លួន ដើម្បីជួយជំរុញឱ្យការងារប្រមូលសំរាម ប្រព្រឹត្តិទៅបានល្អ អាចប្រមូលសំរាមបានអស់ពីមូលដ្ឋាន។


សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តកណ្ដាលបានលើកយករបៀបវារៈចំនួន ៩ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត។



dd
Bottom Ad