16/06/23 09:02 AM
ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ "TVET ផ្ដល់ជំនាញ និងការងារសមរម្យ" នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា យុវជនម្នាក់ត្រូវមានជំនាញ មួយយ៉ាងតិចប្រចាំជីវិត។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា "យុវជនម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត”។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ កម្មវិធីបណ្តុះបណ្តាលជំនាញ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។
ឯកឧត្តមក៏បានដឹងផងដែរថា៖ ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានអោយដឹងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនមានកម្រិត នៃការបណ្ដុះបណ្ដាល ៖
១.កម្រិតបរិញ្ញាបត្រ វិស្វករ(៤ឆ្នាំ)
២. ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង(២ឆ្នាំ)
៣. ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១.២.៣(១ឆ្នាំ/១កម្រិត)
៤. ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេល ៤ខែ និង១សប្ដាហ៍)
+លើកម្រិតជំនាញ មានដូចជា៖
១. ជំនាញអគ្គិសនី
២. ជំនាញបរិក្ខាត្រជាក់
៣. ជំនាញ សំណង់ស៊ីវិល
៤. ជំនាញ ពត៌មានវិទ្យា
៥. ជំនាញ យន្តសាស្ត្ររថយន្ត
៦. ពសុពេទ្យ/ពេទ្យសត្វ
៧. ភាសាអង់គ្លេស