កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនើង៤នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី


ត្រលប់ក្រោយ

19/06/23 09:35 AM

ចំនួនទស្សនា៖

261

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងចំនួន៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុអហត្ថស្រុកមង្គលបូរី ឃាត់ខ្លួនក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះអនុវត្តតាមពាក្យបណ្តឹងរបស់ឈ្មោះ ញិប សេងហួរ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុក បានឱ្យដឹងថា៖ ជនសង្ស័យទាំង៤នាក់៖ ១.ឈ្មោះ ឆោម សុធារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ធី វីរធូន ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ ជួប សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំណោម ឃុំចំណោម ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ។ ៤.ឈ្មោះ យិន សំណាង ហៅក្តី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ វត្ថុតាងរួមមាន ម៉ូតូចំនួន៤គ្រឿង កាំបិតចំនួន៥ដើម, ទូរសព្ទចំនួន៣គ្រឿង។


លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បានបញ្ជាក់ថា តាមការរៀបរាប់របស់ដើមបណ្តឹងបានឱ្យដឹងថា នៅវេលាម៉ោង២១និង៤៧នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះកំពុងមើលទូរសព្ទជាមួយកូននៅក្នុងផ្ទះ ក៏បានលឺសំលេងកាប់របស់អ្វីមួយនៅខាងក្រៅផ្ទះរបស់គាត់ ក្រោយមកប្រពន្ធរបស់គាត់បានរត់មកប្រាប់ថា មានគេមកកាប់ម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-2815 ដែលទុកនៅមុខផ្ទះ ពេលនោះគាត់បានទៅមើល ក៏ឃើញម៉ូតូត្រូវគេកាប់បំផ្លាញខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគាត់បានហៅកូនជាង ដែលស្នាក់នៅជាមួយគាត់ ចំនួន០៤នាក់មកសួរនាំ ពួកគេបានប្រាប់ថា ពួកគេនាំគ្នាអង្គុយលេងនៅក្រោយផ្ទះ ក្បែរតារាងបាល់(AG Sport) ស្រាប់តែក្រុមក្មេងស្ទាវមួយក្រុមរត់ចេញពីតារាងបាល់ ស្ទុះមកកាប់ពួកខ្លួនពេលនោះពួកខ្លួនបានរត់ចូលពួនក្នុងផ្ទះ ហើយក្រុមក្មេងស្ទាវនោះបានចូលមកកាប់ម៉ូតូរបស់ខ្លួនតែម្ដង។


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា៖ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad