20/06/23 11:21 AM
ព័ត៌មានជាសំឡេង
បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញចូលរួមជួបសំណេះសំណាល និងសួរសុខទុក្ខបង ប្អូន ក្មួយៗ គ្រឹស្តបរិស័ទ ទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ជូនចំពោះបងប្អូន ក្មួយៗ គ្រឹស្តបរិស័ទទាំងអស់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូន ក្មួយៗគ្រឹស្តបរិស័ទទាំងអស់ ដែលតែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សា ការពារ សុខសន្តិភាព សុខដុមនីយ៍កម្មសាសនា អភិវឌ្ឍមូលដ្ឋាន និងផ្តល់នូវការគាំទ្រប្រកបដោយភាពជឿជាក់នៅគ្រប់កាលៈទេសៈ ក្នុងការបន្តកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដើម្បីឆ្ពោះទៅមុខរួមគ្នាកសាងបានមហាគ្រួសារតែមួយក្នុងការអភិវឌ្ឍប្រទេស។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រឹស្តសាសនា និងគ្រឹស្តបរិស័ទទាំងអស់ដែលបានខិតខំរួមគ្នាជួយកិច្ចការសង្គមផ្នែកសុខាភិបាល ផ្នែកអប់រំ កាកបាទក្រហម ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត សម្ភារៈ និងថវិកា ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងបានយកចិត្តទុកដាក់ជួយផ្សព្វផ្សាយ បញ្ចូលខ្លឹមសារអប់រំគ្រោះថ្នាក់គ្រឿងញៀន នៅតាមសហគមន៍និងពិធីសាសនាផ្សេងៗទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រឹស្តបរិស័ទ ប្រជាពលរដ្ឋ និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តថែរក្សាការពារសន្តិភាព ដើម្បីសុខដុមនីយកម្មសាសនា និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា ហើយកុំភ្លេចត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តការពារសមិទ្ធផល និងអភិវឌ្ឍប្រទេសយើង។