ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុនសែន ជូនដល់អតីតយុទ្ធជន១០០នាក់


ត្រលប់ក្រោយ

21/06/23 08:52 AM

ចំនួនទស្សនា៖

234

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសនៃសមាគមអតីតយុទ្ធជន កម្ពុជា រាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញ សំណេះសំណាល បំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា និងនាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ជូនដល់អតីតយុទ្ធជន ចំនួន១០០នាក់ មកពីចំនួន០៤ខណ្ឌដើម្បីជាការលើកទឹកចិត្តនិងដឹងគុណចំពោះការលះបង់សព្វបែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិនិងមាតុភូមិនិងបានរួមចំណែកក្នុងចូលរួមអនុវត្តគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាំប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ន។ ពិធីនេះរៀបចំធ្វើឡើង នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងនោះក៏មានវត្តមានចូលរួមពីលោកប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាទាំង៤ខណ្ឌគឺ (ទួលគោក សែនសុខ ពោធិ៍សែនជ័យ និងខណ្ឌមានជ័យ)និងក្រុមការងារអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញមួយចំនួនទៀតផងដែរ ។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍សំណេះសំណាលពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចនិងថ្នាក់ដឹងនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ជូនបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង។ដូចជាការដោះស្រាយដីធ្លី លំនៅដ្ឋាន និងឧបត្ថម្ភនូវគោលរបបផ្សេងៗជូនដល់អតីតយុទ្ធជន។ជាងនេះថែមទៀតគឺរាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់បងប្អូនអតីតយុទ្ធជននោះទេ តែងតែផ្សារភ្ជាប់នូវមនោសញ្ចេតនាដោយក្រុមការងារអញ្ជើញសាកសួរសុខទុក្ខជាប្រចាំចំពោះបងប្អូនអតីតយុទ្ធជជាមួយនឹងការនាំយកនូវអំណោយជាបន្តបន្ទាប់ដើម្បីឧបត្ថម្ភដោះស្រាយជីវភាពបងប្អូនដែលមានជីវភាពក្រីក្រនិងមានជំងឺជាដើមនោះ។


នាឱកាសនោះផងដែរ ឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយស្មោះស័្មគ្រ គឺដើម្បីការពារសន្តិភាព ស្ថិរភាព ជាពិសេសនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ត្រូវនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៧ ឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រសន្តិភាព ឱ្យបានគង់វង្សយូរអង្វែងសម្រាប់តដល់កូនចៅយើងជំនាន់ក្រោយផងដែរ។


សូមបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូនដល់អតីតយុទ្ធជន១០០នាក់ ដោយក្នុង០១នាក់ៗទទួលបានថវិកា(១០ម៉ឺនរៀល )និងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ៕



dd
Bottom Ad