21/06/23 09:51 AM
ព័ត៌មានជាសំឡេង
ប៉ៃលិន៖ លោក ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា រួមនឹងសមាជិកបក្សមួយចំនួនទៀត បានចុះសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរសង្កាត់ទួលល្វា ចុះជួសជុលផ្លូវក្រាលកៅស៊ូ DBST ប្រវែងប្រមាណ ៤២០០ម៉ែត្រ ដែលរងការខូចខាតទាំងស្រុង, លប់ជង្ហុកសំបុកមាន់, គៀរសំអាតផ្លូវ និងត្រាសេបើកផ្លូវថ្មីមួយខ្សែ សរុបទាំងអស់ចំនួន៦ខ្សែ ដាក់អំពូលភ្លើងសូឡា៤៣ដើម ជួសជុលថែទាំប្រព័ន្ធទឹក២៧០០ម៉ែត្រ ដាក់លូមុខកាត់៥០ ជាច្រើនកន្លែង ក្នុងភូមិចំនួន៣ គឺភូមិអូរពឺត ភូមិអូរច្រាកើត និងភូមិអូរតាពុកក្រោម នៅតាមដងផ្លូវនានា ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ហុក សុផល បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា បានស្វះស្វែងរកនូវមូលនិធិ និងកិច្ចសហការនានា ក្នុងការជួយជួសជុល កែលម្អផ្លូវសាធារណៈ ដែលជាការជួយបំពេញបន្ថែមលើកគម្រោងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ, សេចក្តីត្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន។
លោកបានបន្តថា ក្នុងនាមក្រុមការងារចុះជួយសង្កាត់ទួលល្វា នាពេលកន្លងមក បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាពលរដ្ឋ ទាំងការងារអភិវឌ្ឍន៍ ការជួយឧបត្ថម្ភស្បៀង និងការជួយសង្គ្រោះ ពេលប្រជាពលរដ្ឋយើងមានជួបគ្រោះអាសាន្នផ្សេងៗ ដែលទាំងនេះជាទឹកចិត្ត, ជាឆន្ទៈរួមរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរ លោកហុក សុផល ក៏បានក្រើនរំលឹកដាស់តឿនបន្ថែម ដល់ក្រុមការងារទទួលខុសត្រូវតាមភូមិ ក្នុងសង្កាត់ទួលល្វា សូមចុះមូលដ្ឋានជាប់ជាប្រចាំ ដល់ខ្នងផ្ទះបងប្អូន ប្រជាពលរដ្ឋ ដើម្បីក្តាប់បញ្ហានៅនឹងមូលដ្ឋាន និងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ។ ក្នុងករណីដោះស្រាយមិនបាន ក៏ត្រូវធ្វើរបាយការណ៍ច្បាស់លាស់មកកាន់ថ្នាក់លើ ដើម្បីដោះស្រាយបន្ត។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទួលល្វា បានសម្តែងភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់នេះ និងបានជូនពរដល់ថ្នាក់ដឹកនាំ អាជ្ញាធរក្នុងខេត្ត ជាពិសេសលោកស្រី បាន ស្រីមុំ អភិបាលខេត្ត សូមជួបតែសេចក្តីគ្រប់ប្រការ។