21/06/23 10:46 AM
ព័ត៌មានជាសំឡេង
កំពង់ចាម៖ នារសៀលថ្ងៃអង្គាររ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៣ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ២៤៨នាក់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ។
ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនាឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងបរិវេណសាលាស្រុកបាធាយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកបាធាយ, លោកឧត្តមសេនីយន៍ត្រី ជា ជាង ស្នងការរង តំណាងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម, លោក ផេង សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកបាធាយ, លោកវរសេនីយ៍ឯក សំ ណាល់ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកបាធាយ, លោក លោកស្រី គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក ក្រុមការងារយុវជនស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ, លោក លោកស្រី អតីតយុទ្ធជន និង លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាងដល់អតីតយុទ្ធជន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអបអរសាទរដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំង ២៤៨នាក់ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជនទាំងអស់ ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតសព្វថ្ងៃនេះ ជាពិសេសការទប់ស្កាត់មិនឱ្យរបបនេះត្រឡប់មកវិញ នាអំឡុងទសវត្សឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រោយពីបានស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធផលធំៗមួយចំនួន របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកបាធាយ និងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានយល់កាន់តែច្បាស់អំពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ ចូលរួមដោះស្រាយជាបន្តបន្ទាប់ និងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកបាធាយ។
តាងនាមក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងក្នុងនាម ឯកឧត្តមផ្ទាល់, ឯកឧត្តមរដ្ឋមន្រ្តី សូមប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមសារអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី និងសូមថ្លែងអំណរគុណ ចំពោះប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា មានបងប្អូនអតីតយុទ្ធជន ទើបមានសន្តិភាព, សន្តិភាពនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបានសមិទ្ធផល និងជោយជ័យជូនជាតិមាតុភូមិជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ ទទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
សូមជម្រាបជូនថា ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនបងប្អូនអតីតយុទ្ធជន ចំនួន ២៤៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, ប្រធានការិយាល័យជុំវិញស្រុក ក្រុមការងារយុវជនស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, កងកម្លាំងទាំង ៣ប្រភេទ ចំនួន ៣០ម៉ឺនរៀល និងក្រុមគ្រូពេទ្យ ១០ម៉ឺនរៀល៕