21/06/23 13:41 PM
ព័ត៌មានជាសំឡេង
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានមានប្រសាសន៍ថា: យើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដោយសារយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកអភិបាលស្រុកបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្មបំបែកមួយខ្សែប្រវែង៣.៩០០ម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ កម្រាស់១.៥ ០សង់ទីម៉ែត្រ ឆ្លងកាត់២ភូមិគឺ: ភូមិបន្លាស្អិត និងភូមិត្រពាំងធ្លក ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា។
លោកអភិបាលស្រុកបានបន្តថា: នៅពេលមានជំងឺ covid-19 រាជរដ្ឋាភិបាលយើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លោកបានរកវ៉ាក់សាំងមកចាក់ស្រោចជួយជីវិតប្រជាជនឲ្យបានឆ្លងផុតគ្រោះមរណៈបានទាន់ពេលវេលា។ ដើម្បីលើកស្ទួយជាប្រភាពប្រជាជនរាជរដ្ឋាភិបាលមានគោលនយោបាយទាក់ទាញអ្នកវិនិយោគឲ្យមកសាងសង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលនាំឲ្យកូនចៅយើងមានការងារធ្វើមានប្រាក់ចំណូលជួយដល់គ្រួសារ។
លោកបានបន្ថែមទៀតថា: ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើងបានរួចផុតពីសង្គ្រាមរួចផុតពីសម័យជូរចត់លំបាកតោកយ៉ាកម្នាក់ៗមានជីវភាពសមរម្យជាបណ្ដើរៗមានទីជម្រកសមរម្យ មានសាលារៀនមន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែងមានស្ពានឆ្លងទន្លេតូចធំឆ្លងកាត់ ស្ពានអាកាស មានផ្លូវល្បឿនលឿនធ្វើដំណើរបានស្រួលរហ័សទាន់ចិត្តមានពហុកីឡាដ្ឋានទំនើបហើយបានរៀបចំកីឡាស៊ីហ្គេមទទួលភ្ញៀវជាតិអន្តរជាតិបានរាប់ម៉ឺននាក់ថែមទៀតផង។
លោកអភិបាលស្រុក បានមានប្រសាសន៍ឲ្យដឹងទៀតថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ ហើយនៅពេលផ្លូវនេះបានជួសជុលរួចហើយសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុងឬជនបទនោះឡើយ។
ម៉្យាងទៀតក៏សូមសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែង ចូលរួមគោរពនិងអនុវត្តលក្ខណ:សម្បត្តិទាំង៧យ៉ាង នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា។
លោកអភិបាលស្រុក បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា: ដូច្នេះមានសុខសន្តិភាពពេញលេញ
មានសាមគ្គីគ្នាទើបមានការរីកចម្រើន បែកបាក់គ្នាមានតែការវិនាសហិនហោចតែប៉ុណ្ណោះ។ អញ្ចឹងហើយក្នុងនាមយើងជាប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសម្ដេច ហ៊ុន សែន បានបន្តដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនអភិវឌ្ឍន៍បន្តថែមទៀត៕ ដោយ:PK