ពិធីផ្សព្វផ្សាយសេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ ចំនួន៤ឃុំ ក្នុងស្រុកខ្សាច់កណ្តាល


ត្រលប់ក្រោយ

22/06/23 10:25 AM

ចំនួនទស្សនា៖

408

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖ មន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៤ រួមមាន៖ ឃុំកោះចូរ៉ាម ឃុំស្វាយរមៀត ឃុំតាឯក និងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋដែលមានដីក្នុងឃុំខាងលើត្រូវត្រៀមឯកសារពាក់ព័ន្ធអោយបានគ្រប់គ្រាន់ រួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ និងលិខិតពាក់ព័ន្ធផ្សេងៗ និងបោះបង្គោលព្រំដីអោយបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស។


នេះជាការថ្លែងរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ ។

លោក​បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ ហើយការចុះបញ្ជី​ដីធ្លី​នេះ​គឺ ត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេក វិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី។នេះ​គឺជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម។


លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា៖ឃុំ សង្កាត់ទាំង១២៧ក្នុងខេត្តកណ្តាល បានប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធរួចរាល់ហើយ ដោយឡែកក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធរួចរាល់ជាស្ថាពរ។


ថ្លែងក្នុងឱកាសនោះ លោក ចេង ឌីណាអភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ៖កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃប្រទេសកម្ពុជា។ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដ ពិសេសដីមានតម្លៃ ហើយការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។


លោកអភិបាលស្រុក បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។


ជាមួយគ្នានេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការឱ្យបានល្អក្នុងឱកាសចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការដោយរលូន៕



dd
Bottom Ad