ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ


ត្រលប់ក្រោយ

22/06/23 11:28 AM

ចំនួនទស្សនា៖

192

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានធ្វើសេចក្តីរាយការណ៍ជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ អំពីការសិក្សាលម្អិត និងដំណើរការត្រួតពិនិត្យរបស់គណៈកម្មការទី៩ លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដែលជាលទ្ធផលពិនិត្យឃើញថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងស្របតាមទម្រង់និងគតិច្បាប់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។


បន្ថែមលើនេះ ឯកឧត្តមប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ក៏បានគោរពរាយការណ៍ជូនអង្គប្រជុំយ៉ាងពិស្តារអំពីខ្លឹមសាររួម និងខ្លឹមសារទូទៅ ជាពិសេសតួនាទីដ៏សំខាន់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ធានាបានដើមកំណើតទំនិញរបស់កម្ពុជា សំដៅរក្សាផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងការលើកកម្ពស់សុខុមាលភាពសង្គម និងការកៀរគរចំណូលថវិកាជាតិ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីតំណាងឱ្យរាជរដ្ឋាភិបាល បានសម្តែងការគាំទ្រ និងឯកភាពទាំងស្រុងចំពោះសេចក្តីរាយការណ៍ដ៏ពិស្តារ និងគ្រប់ជ្រុងជ្រោយពីសំណាក់ ឯកឧត្តមប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ព្រមទាំងបានគោរពជម្រាបជូនផងដែរ អំពីយុត្តិកម្មឬភាពចាំចាច់ និងសាវតារក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយបានគូសបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងច្បាប់នេះទ្បើង គឺដើម្បីបំពេញការសន្យារបស់កម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីវិធានដើមកំណើតទំនិញឱ្យអនុលោមតាមកិច្ចព្រមព្រៀងស្តីពីវិធានដើមកំណើតទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO), ការអនុវត្តនូវអនុសាសន៍ និងលទ្ធផលដែលទទួលបានពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម, ការអនុវត្តនូវកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ WTO ក៏ដូចជាការអនុវត្តនូវសកម្មភាពកំណត់ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។


ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងយកចិត្តទុកដាក់ដែលរាយការណ៍ដោយ ឯកឧត្តមប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងសេចក្តីបំភ្លឺបន្ថែមដ៏ក្បោះក្បាយពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីតំណាងរាជរដ្ឋាភិបាល សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ ដោយចំនួនសំទ្បេងគំាទ្រសរុប ៦០សំទ្បេង។


ក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ និង ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា, ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា ដែលបានផ្តល់ការអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់នេះ។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលច្បាប់នេះចូលជាធរមាន នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល តាមរយៈការជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។


នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធិ ដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត៕



dd
Bottom Ad