ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា


ត្រលប់ក្រោយ

22/06/23 11:39 AM

ចំនួនទស្សនា៖

208

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ទីស្តីការក្រសួង៖ ថ្ងៃពុធ ៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោកជំទាវ Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។ ទទ្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីតម្រូវការគោលនយោបាយ និងយុទ្ធសាស្រ្តលើការគ្រប់គ្រង យានយន្តអគ្គិសនី ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីផងដែរ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាប លោកជំទាវ​ ឯកអគ្គរដ្ឋទូត បន្ថែមពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានកំពុងអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានស្នើសុំឱ្យ ប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សតាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្រ្តាចារ្យជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា។


ក្នុងឱកាសនេះដែរ លោកជំទាវ​ ឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយប្រទេសកាណាដា។ លោកជំទាវ​ បានគោរពអញ្ជើញ ឯកឧត្តមទេសរដ្ឋមន្រ្តី ចូលរួមទិវាបុណ្យជាតិប្រទេសកាណាដា នាដើមខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបានលើកឡើងពីបំណង នៃកិច្ចសហការអភិវឌ្ឍធនធានមនុស្ស តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងសាលា ឬស្ថាប័នជំនាញផ្នែកហេដ្ឋរចនាសម្ព័ន្ធ នៃប្រទេសកាណាដា។ លោកជំទាវ​ក៏បានលើកពីបច្ចេកវិទ្យា និងមូលនិធិហិរញ្ញវត្ថុ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រទេសកាណាដាបានអនុវត្តនៅតាមតំបន់មួយចំនួនលើពិភពលោក៕



dd
Bottom Ad