28/06/23 11:53 AM
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី នៃក្រសួងដែនដី នគររូបណីយ៍កម្ម និងសំណង់ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឯកឧត្តម ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ចក្ខុវិស័យនិងយុទ្ធសាស្ត្រ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារវ៉ៃគោ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក Richard Mabbitt ប្រធានក្រុមការងារទីប្រឹក្សាបច្ចេកទេស អស់លោក-លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ លោកអភិបាល-អភិបាលរងក្រុង ស្រុក ដែលមានការពាក់ព័ន្ធ មន្ត្រីការិយាល័យជំនាញជាច្រើនរូបទៀត។
ឯកឧត្តម ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី បានមានប្រសាសន៍ថា: សិក្ខាសាលាលើកទី៣ នាឱកាសនេះបានផ្ដោតលើគម្រោងកសាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្នុងនេះក្រុមការងារទីប្រឹក្សា ADB និងធ្វើការបង្ហាញជូននូវលទ្ធផលនៃការវិភាគ SWOT សេចក្តីព្រាងចក្ខុវិស័យសម្រាប់ខេត្តស្វាយរៀង និងការស្នើឡើងនៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តស្វាយរៀង ដើម្បីអង្គសិក្ខាសាលាពិនិត្យនិងពិគ្រោះយោបល់និងផ្ដល់នូវធាតុចូលបំពេញបន្ថែម។
ឯកឧត្តម ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង បានបញ្ជាក់ថា: កន្លងមកយើងបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅប្លង់គោលប្រើប្រាស់ដីក្រុមបាវិតដោយបានកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៣០ គឺសំដៅរៀបចំនិងអភិវឌ្ឍន៍(ក្រុងបាវិតជាក្រុងឆ្លាតពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍កម្រិតអន្តរជាតិ សេវាកម្មក្រុងសំបូរបែបប្រកបដោយបរិស្ថានរស់នៅល្អសុភមង្គលចីរភាពនិងបរិយាយបន្ត) តាមរយៈការជំរុញទី១ គ្រប់គ្រងអភិរក្សអភិវឌ្ឍន៍ប្រើប្រាស់ដីនិងនគររូបនីយកម្មប្រកបដោយប្រសិទ្ធភាពជេរភាពនិងបរិយាយបន្ត។ ទី២ ស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងអភិវឌ្ឍន៍ក្រុងស្អាតប្រកបដោយសុខភាព សុខដុមរមនានិងសមាហរណកម្ម។
ទី៣ ពង្រឹងពង្រីកច្រកទ្វារព្រំដែនអន្តរជាតិបដិសណ្ឋារកិច្ចភស្តុភា មជ្ឈមណ្ឌលពាណិជ្ជកម្មនិងឧស្សាហកម្មទំនើប។
ទី៤ គាំទ្រការអភិវឌ្ឍន៍កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ធុរកិច្ចសេវាកម្មទេសចរណ៍សម្បូរបែបប្រកបដោយគុណភាពនិងធនធានមនុស្សខ្ពស់។
ទី៥ លើកកម្ពស់អភិបាលកិច្ចល្អថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិនិងការអភិវឌ្ឍប្រកបដោយចីរភាពបរិយាយបន្តសន្តិភាព មិត្តភាព សហប្រតិបត្តិការតាមតំបន់ព្រំដែនដើម្បីចូលរួមកសាងផែនការរៀបចំដែនដីខេត្តស្វាយរៀងឲ្យទទួលបានជោគជ័យដោយរលូនគ្រប់ជ្រុងជ្រោយមានសន្តិភាពនិងសុក្រឹត្យភាព។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី ក្រុមការងារបច្ចេកទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ី ADB និងលោក លោកស្រីដែលមានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម ហែម ពិសិដ្ឋ បន្តថា ជំនួសមុខឱ្យឯកឧត្តមអភិបាលខេត្ត សូមផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការរៀបចំដែនដី នគររូបនីយកម្មថ្នាក់ខេត្តសូមយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖
១. យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តផែនការរៀបចំដីថ្នាក់ខេត្ត ឱ្យបានត្រឹមត្រូវតមាមស្តង់ដារ មានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
២.មន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវសហការគ្នា ពិនិត្យជំរុញការរៀបចំផែនការប្រើប្រាស់ដី នៅតាមក្រុងស្រុកផ្សេងៗទៀតឱ្យបានឆាប់ ពិសេសប្រភេទលំនៅដ្ឋាន ឫសំណង់ និងលក្ខណៈសេដ្ឋកិច្ចសង្គម ផលិតផលសក្កដានុពលរបស់ក្រុងស្រុកនីមួយៗ។
៣.ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីស្ថានភាពប៉ូលភូមិសាស្ត្ររបស់ខេត្ត ដល់បណ្តាអ្នកវិនិយោគ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាតម្រង់ទិសដៅផែនការអភិវឌ្ឍន៍ឱ្យចំទិសដៅ ប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រ៕ ដោយ:PK