03/07/23 10:22 AM
(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញនាំយកអំណោយជាថវិកានិងសម្ភារ:ជាច្រើនមុខរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស . និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត) យកទៅចែកជូនដល់កុមារកំព្រាគ្មានទីពឹងចំនួន៣៦នាក់ រួមនិងម៉ែដោះចំនួន៧នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង។
នាឱកាសនោះ លោក សេង សីលា ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខការនឹករលឹកសេចក្តីអាណិតអាសូពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី រួមនឹងថ្នាក់ដឹកនាំរបស់សមាគមន អ.ម.ត ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងជាពិសេសសិស្ស.និស្សិតកុមារកំព្រា ចាស់.ជរា.ជនពិការ គ្មានទីពឹង។
លោកបានបន្តថា: លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ត)លោកតែងតែផ្តល់អាហារូបករណ៍ដល់សិស្សបានចូលរៀនដល់មហាវិទ្យាល័យដោយឡែកនៅក្នុងខេត្តស្វាយរៀងយើងនេះលោកបានផ្តល់អាហារូបករណ៍មួយចំនួនក៍បានចូលរៀននៅសាកលវិទ្យាល័យស្វាយរៀងហើយក្រៅពីនេះនៅខេត្តផ្សេងទៀតលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយទៅដល់សិស្សដែលជួបការលំបាកដើម្បីមានឱកាសបានសិក្សារៀនសូត្ររហូតដល់បញ្ចប់ការសិក្សាមានការងារធ្វើដែលនេះជាគោលបំណងធំរបស់លោកក៏ដូចជាសម្តេចតេជោឲ្យសិស្សនិស្សិតមានការងារធ្វើមានចំណូលដើម្បីចិញ្ចឹមជីវិតក៏ដូចជាដើម្បីចូលរួមក្នុងការអភិវឌ្ឍដល់សង្គមផងដែរ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជាលោក កែវ គឹម ឃន ប្រធានក្រុមការងារគ្រប់គ្រងសិស្ស.និស្សិតខេត្តស្វាយរៀងនិងព្រៃវែងដែលតែងតែគិតគូរដល់សិស្សនិស្សិតដែលជួបការលំបាកគ្រប់ទីកន្លែងហើយនេះក៏មិនមែនជាលើកដំបូងនោះដែរដែលនាពេលកន្លងមកខាងសមាគមន(អ.ម.ត) តែងចុះជួយជនងាយរងគ្រោះគ្មានទីពឹងកុមារកំព្រានៅមូលដ្ឋានដែលជួបការលំបាក។ ដូច្នេះហើយសូមកូនក្មួយទាំងអស់គ្នាត្រូវខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះមានការចិញ្ចឹមបីបាច់ពីរាជរដ្ឋាភិបាលពីថ្នាក់ដឹកនាំខេត្តទាន់មានឱកាសដើម្បីខ្លួនឯងនិងដើម្បីជួយសង្គមជាតិតទៅថ្ងៃមុខបន្តទៅទៀត។
សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវយកទៅចែកជូននាឱកាសនោះរួមមាន: ទឹកផ្លែឈើ.ទឹកសុទ្ធ.ខ្នើយ.នំបុ័ង.នំប៉ាវ.សាប៊ូ.សំលៀកបំពាក់.ក្រម៉ា.កង់ចំនួន៥គ្រឿង.ព្រមទាំងថវិកាចំនួន១លានរៀលផងដែរ៕
ដោយ:PK